ព័ត៌មានជាតិ

បើកឡាន ប៉ះឡាន 2 គ្រឿង ហើយមិនឈប់បែរជាបើករត់ទៅបុកស្លាប់នារីម្នាក់ និងបុរសម្នាក់ រងរបួសស្រាល ពេលនេះតុលាការ ចេញដីកាឃុំខ្លួនហើយ។

បើកឡាន ប៉ះឡាន 2 គ្រឿង ហើយមិនឈប់បែរជាបើករត់ទៅបុកស្លាប់នារីម្នាក់ និងបុរសម្នាក់ រងរបួសស្រាល ពេលនេះតុលាការ ចេញដីកាឃុំខ្លួនហើយ។

នៅថ្ងៃទី 28 មករា ឆ្នាំ 2021 នេះ ចៅក្រមស៊ើបសួរនៅសាលាដំបូង រាជធានី ភ្នំពេញ លោក ឡុង វណ្ណា បានបង្គាប់ឲ្យឃុំខ្លួនលោក គួង ស៊ីថន អាយុ 41 ឆ្នាំ ដាក់ពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណីស្រវឹងស្រា បើកបរ បុកនារីម្នាក់ស្លាប់ បើតាមលោក សាយ ណូរ៉ា តំណាងអយ្យការ បានចោទប្រកាន់ពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ច បណ្ដាលឲ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា 85 នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងបញ្ញត្តិមាត្រា 44 មាត្រា 124 និងក្រមនីតិវិធីព្រហ្មទណ្ឌ តាមបទល្មើសនេះអ្នកបើកបរអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី 1 ឆ្នាំរហូតដល់5ឆ្នាំ ផងដែរ។

គួរបញ្ជាក់ថា នារីដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះលឹម ស្រីហេង ភេទស្រីអាយុ 28 ឆ្នាំ មុខរបរលក់ដូរនៅផ្ទះលេខ 24 ផ្លូវ 18 ក្នុងបុរីពិភពថ្មី ចំការដូង សង្កាត់ដង្កោខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ជិះម៉ូតូម៉ាក scoopy ពណ៌ ស ស៊េរីឆ្នាំ 2020 ពាក់ស្លាកលេខភ្នំពេញ 2ll 9166 និងបុរសម្នាក់ទៀតរងរបួសស្រាលឈ្មោះ ហុឹម សុភ័ក្រ ភេទប្រុសអាយុ 38 ឆ្នាំមុខរបរជាងភ្លើងមានស្រុកកំណើតនៅស្រុក កោះអណ្ដែតខេត្ត តាកែវ ជិះម៉ូតូម៉ាក់ ឌ្រីមសង់ ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ 1N 8939 ចំណែករថយន្តបង្កម៉ាកអាល់ហ្វា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ 2004 និងរថយន្តរងគ្រោះទាំង 2 គ្រឿងទៀតគឺទី 1 ម៉ាក masda និងទី 2 រថយន្តកាមេរីឆ្លាម។

ជាចុងក្រោយតាមសម្ដីសាច់ញាតិនិងបងប្អូនរួមទាំងមិត្តភក្កិលឹម ស្រីហេង បាននិយាយថាមិនគួរណាប្អូនស្រីអកុសលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺបណ្ដាលមកពីឈ្មោះ គួង ស៊ីថន បើកបរក្នុងស្ថានភាពស្រវឹងបែបនេះសោះដោយប្អូននៅសល់រយៈពេល 10 ថ្ងៃនឹងចូលរោងការ។

Leave a Reply

Your email address will not be published. Required fields are marked *