ពលរដ្ឋម្នាក់ លាន់មាត់សរសើរសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញរបស់ក្រសួងមហាផ្ទៃ!
សេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ (Online) https://online.gdi.gov.kh ទទួលខុសត្រូវបម្រើជូនប្រជាពលរដ្ឋ ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បាននិងកំពុងទាក់ចិត្តពលរដ្ឋអ្នកស្នើសុំសេវាដែលនិយមប្រើប្រាស់បច្ចេកវិទ្យាជាបន្តបន្ទាប់។ ជាក់ស្ដែងនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានពលរដ្ឋមួយរូបបានប្រើប្រាស់គណនីអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Om Chetchan Nara បានបង្ហោះសារលាន់មាត់សរសើរសេវាក្នុងសំណេរដើមថា « ជឿអត់មកធ្វើ Passport ចំណាយពេលប៉ុន្មាននាទីប៉ណ្ណោះ ? បើចង់លឿន ចុះឈ្មោះតាមអនឡាញ (Online) ជាមុនពេលមកដល់ទីតាំង មហាស្រួល មន្រ្តីរស់រាយ និងធ្វើការលឿនរហ័ស»។
មន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បានទំនាក់ទំនងទៅកាន់ លោក Om Chetchan Nara ដែលជាម្ចាស់គណនីហ្វេសប៊ុកខាងលើ ដើម្បីស្នើសុំព័ត៌មានបន្ថែម ដោយលោកបានស្វាគមន៍ភ្លាមៗដើម្បីសហការចែករំលែកបទពិសោធន៍មួយនេះជូនសាធារណជន។ លោកបញ្ជាក់ថា«ជាតំបូងខ្ញុំគ្រាន់តែសាកល្បងចុះឈ្មោះសាកមើលល្បងមើលតាមប្រព័ន្ធអនឡាញនេះ ហើយក៏លើកទីមួយដែរ ខ្ញុំភ័យដែរ ព្រោះមិនដឹងថាដំណើការរបៀបណា ប៉ុន្តែពេលនោះខ្ញុំក៏ធ្វើតាមការណែនាំ ដោយបញ្ចូលឯកសារមួយចំនួន ហើយឯកសារដែលដាក់នោះគឺដាក់ទៅត្រូវទាំងអស់ ដោយគ្មានភាពស្មុគស្មាញឡើយ ហើយងាយស្រួលបំផុតរហូតទទួលបានជោគជ័យតែម្តង»។
លោកបន្តថា ទោះជាឃើញជោគជ័យហើយក៏ដោយ ក៏លោកហាក់នៅតែមានក្តីសង្ឃឹមតិចបំផុត ដោយមិនដឹងថាពេលណាទើបមានការឆ្លើយតបត្រឡប់មកវិញ ដោយលោកបន្ថែមថា« ប៉ុន្តែទោះបីជាមានការឆ្លើយតប ឬមិនឆ្លើយតប ខ្ញុំត្រូវតែធ្វើដំណើរទៅទីតាំងធ្វើលិខិតឆ្លងដែនដដែល ព្រោះខ្ញុំមានតម្រូវការត្រូវប្រើប្រាស់បន្ទាន់ »។ លោកបានបន្ថែមទៀតថា ពេលវេលាដែលលោកបានស្នើសុំ និងចូលទៅប្រើប្រាស់ប្រព័ន្ធអនឡាញ (Online) https://online.gdi.gov.kh នោះ ក្នុងចន្លោះម៉ោងប្រហែល៣ទៅ៤រសៀល ស្រាប់តែនៅវេលាម៉ោងប្រហែលជា៥ព្រឹក មិនបាន២៤ម៉ោងផង «ខ្ញុំក៏ទទួលបានសារពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ពីពាក្យស្នើសុំរបស់ខ្ញុំត្រូវបានទទួល ហើយឱ្យយកឯកសារទៅបំពេញបែបបទ នៅទីតាំងណាដែលខ្ញុំបានស្នើសុំ»។
អ្វីដែលនឹកស្មានមិនដល់លោក Om Chetchan Nara បានបង្ហាញចំណាប់អារម្មណ៍ថា ប្រព័ន្ធអនឡាញ [(Online) https://online.gdi.gov.kh] គឺមានមន្ត្រីប្រចាំការ និងរង់ចាំឆ្លើយតបលឿនទាន់ពេលវេលា។ អ្វីកាន់តែងាយស្រួលបន្ថែមទៀត គឺនៅពេលដែលទៅដល់ទីតាំងធ្វើលិខិតឆ្លងដែននោះ គ្រាន់តែប្រាប់ក្រុមការងារថា «ខ្ញុំបានចុះឈ្មោះតាមប្រព័ន្ធ អនឡាញ (Online) រួចរាល់ហើយ គឺមានអ្នកចាំទទួលយើងរួចជាស្រេច ប្រកបដោយភាពរស់រាយទាក់ បើទោះបីជាពេលនោះជិតចប់ម៉ោងធ្វើការក៏ដោយ និយាយរួមគ្រប់មន្ត្រីទាំងអស់ដែលធ្វើការនៅទីនោះ បានបង្ហាញនូវក្តីរីករាយ និងស្នាមញឹម ទៅកាន់មនុស្សគ្រប់គ្នាដោយមិនប្រកាន់វណ្ណៈ ព្រមទាំងបានណែនាំឱ្យខ្ញុំធ្វើតាមដំណាក់កាលនីមួយៗ រហូតដល់កន្លែងបញ្ចប់»។
ឆ្លងកាត់បទពិសោធនេះ លោកក៏បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបំណងធ្វើលិខិតឆ្លងដែន បើចង់បានលឿនរហ័ស ហើយចំណាយពេលវេលាតិចតួចបំផុតនោះ សូមសាកល្បងចុះឈ្មោះតាមប្រព័ន្ធអនឡាញ (Online) https://online.gdi.gov.kh គឺពិតជាមិនខកបំណងឡើយ ពីព្រោះប្រព័ន្ធនេះបានផ្តល់សេវាកម្មរហ័សទាន់ចិត្ត មានមន្ត្រីរង់ចាំឆ្លើយតបទាន់ពេលវេលា និងបានផ្តល់ភាពងាយស្រួលនៅពេលដែលទៅដល់ទីតាំង គ្រាន់តែអនុវត្តទៅតាមការណែនាំ របស់មន្ត្រីទទួលបន្ទុក នោះនឹងរួចរាល់ក្នុងរយៈពេលដ៏ខ្លីបំផុត។
សូមបញ្ជាក់ថា សេវាបន្ថែមលើការផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ (Online) https://online.gdi.gov.kh ត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលការងារតាមរយៈការចុះឈ្មោះតាមប្រព័ន្ធ ONLINE គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សរុបចំនួន 5.188ពាក្យ និងពាក្យស្នើសុំបានអនុញ្ញាតសរុបចំនួន 4.302ពាក្យ ក្នុងនោះផងដែរក៏មានពាក្យស្នើសុំបានបដិសេធ សរុបចំនួន 812ពាក្យ។
ដោយឡែកចំពោះទីតាំងផ្តល់សេវាលិខិតឆ្លងដែន ក្នុងពេលបច្ចុប្បន្នមានចំនួន៨ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីអន២សែនសុខ សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប និងសាខាលិខិតឆ្លងដែនផ្សារ ទំនើបអ៊ីអនម៉លមានជ័យ(អ៊ីអន៣)។ សម្រាប់សេវាលិខិតធ្វើដំណើរគឺមានផ្តល់នៅសាខាផ្សារស្ទឹងមានជ័យ និងសាខាខេត្តបន្ទាយមានជ័យ៕
#dolynews