នាព្រឹកថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត2ម៉ឺននាក់ ជាបន្តទៀត នៅស្រុកអង្គស្នួល
ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ18,255នាក់ មកពីរោងចក្រសហគ្រាសចំនួន11 ក្នុងស្រុកអង្គស្នួល ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបក្មួយៗចៅៗ កម្មករ កម្មការិនីទាំងអស់ដែលកំពុងបម្រើការងារនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចមានការសប្បាយរីករីកចំពោះសមិទ្ធផលនានា ដែលសម្រេចបានចំពោះបងប្អូនកម្មករនិយោជិតដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ជាពិសេសការទប់ស្កាត់ការឆ្លង់រីករាលដាលជំងឺកូវីដ19 នៅក្នុងរោងចក្រ ដោយបងប្អូនកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ19 គ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាថ្មីថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្តេចនឹងផ្អាកធ្វើការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតមួយរយៈ ដើម្បីកុំឲ្យមានបញ្ហាជាមួយនឹងច្បាប់របស់គ.ជ.ប. ហើយក្រោយការបោះឆ្នោតសម្តេចនឹងបន្តជួបទៀត ដើម្បីពិនិត្យ មើល វឌ្ឍនភាពនៅតាមរោងចក្រ សហគ្រាស់នានាជាបន្តទៀត។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកាសឧបត្ថម្ភដល់ មន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងជាប់កិច្ចសន្យាទាំងអស់ ឱ្យទទួលបានអត្ថប្រយោជន៍ការឧបត្ថម្ភ លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ រហូតដល់កុមារអាយុក្រោម2ឆ្នាំដូចកម្មការិនីរោងចក្រដែរ។ រីឯស្រ្ដីដែលជាកងទ័ពសម្ដេចតេជោ ក៏ប្រកាសឧបត្ថម្ភផងដែរ ប៉ុន្ដែចំណុចនេះសម្ដេចត្រូវពិភាក្សាបន្ថែមនាពេលខាងមុខនេះ។ សម្តេចតេជោអត់មានប្រសាសន៍បន្តទៀតថាគោលនយោបាយគាំពារសង្គមត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បើមានប្រសាសន៍បញ្ជាក់ថា អ្វីដែលសម្ដេចចង់បានបំផុត គឺធ្វើយ៉ាងម៉េចឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដោយការអនុវត្តបែបនេះបាន គឺត្រូវធ្វើយ៉ាងម៉េចកុំឱ្យក្នុងរោងចក្រមានហិង្សា កុំឱ្យមានការចែកចាយគ្រឿងញៀន ហើយបើមានបញ្ហាអ្វីត្រូវពន្លឿនក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀតជាមួយកម្មករ។ ជាថ្មីម្ដងទៀត សម្តេចតេជោបានមានប្រសាសន៍ ចំពោះការផ្ទុះឡើងវិញនូវជំងឺអេដស៍នៅកម្ពុជានាពេលបច្ចុប្បន្ន ដោយសម្តេចសូមធ្វើការអំពាវនាវដល់អ្នកស្រលាញ់ភេទដូចគ្នាមានការប្រុងប្រយ័ត្នបន្ថែម ខណៈការផ្ទុះជំងឺអេដស៍ឡើងវិញនេះគឺកើតចេញពីបុរសស្រលាញ់បុរសដូចគ្នា។
ទាក់ទងទៅនឹងបញ្ហាសន្តិសុខសង្គម សម្តេចតេជោផ្ដាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិមកបង្ហោះលេងលើហ្វេសប៊ុក។ ការបញ្ជាក់របស់សម្ដេចបែបនេះ បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយចំនួនបានយកករណីយន្តហោះគ្មានមនុស្សបើកចូលឈ្លានពានដែនដីកម្ពុជានេះ មកភ្ជាប់ជាមួយរូបភាពយន្តហោះពាណិជ្ជកម្មនៅលើបណ្ដាញសង្គម ដែលជាព័ត៌មានក្លែងក្លាយ។
នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ប្រកាសយកបណ្ដាញតេឡេក្រាម (telegram) ជាបណ្ដាញផ្សព្វផ្សាយផ្លូវការចំបងលើការផ្សាយចេញនូវព័ត៌មាន រាប់ទាំងការផ្សាយផ្ទាល់ផងដែរ ខណៈពេលនេះមានពលរដ្ឋចូលចិត្ត និងចូលគាំទ្រជាង 85 ម៉ឺននាក់បានភ្ជាប់ចូលរួចហើយ។ ការប្រកាសរបស់សម្ដេចតេជោ បែបនេះបន្ទាប់ពីសម្ដេចពិនិត្យឃើញថាការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។
នៅថ្ងៃនេះ សម្តេចតេជោបានជម្រាបជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ថា បន្ទាប់ពីមានបទពិសោធន៍ពីការឆ្លងរីករាលដាលជំងឺកូវីដ19 រាជរដ្ឋាភិបាលបានកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់1ម៉ឺនគ្រែ សម្រាប់1ម៉ឺននាក់ គឺមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។សម្តេចតេជោក៏បានប្រកាសអញ្ជើញកម្មករ-កម្មការិនីទៅទទួលពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មីដែលរាជរដ្ឋាភិបាលទើបសាងសង់រួច គឺ «មន្ទីរពេទ្យតេជោសន្ដិភាព» ដែលមិនគិតថ្លៃ ខណៈមន្ទីរពេទ្យនេះមានសមត្ថភាពទទួលអ្នកជំងឺ1ម៉ឺនគ្រែ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះ ចំនួន493នាក់ ក្នុងម្នាក់ៗ 200ដុល្លារ ក្នុងនោះមានស្ត្រីមានកូនភ្លោះ2 ចំនួន5នាក់ ក្នុងម្នាក់ៗ ចំនួន400ដុល្លារ ផងដែរ៕
#dolynews