សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាព្រឹកថ្ងៃស្អែកទី9 ខែឧសភា ឆ្នាំ 2022 ដល់ពេលកំណត់ដែលបងប្រុសទីពីរនឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។
បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នានិងនិយាជាមួយគ្នាសូម្បីមួយម៉ាត់ ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។នៅមានរឿងសោកសៅជាងនេះសម្រាប់បងប្អូនប្រុសស្រីទាំង6នាក់របស់យើងនោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។
បងប្រុសទីមួយមិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេតែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជីវិតទៀតផង។ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃសុខភាពគាត់នៅខ្សោយ។
ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់?នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ៕