ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុយ វណ្ណៈ តើកោះហៅអ្នកកាសែតធ្វើអ្វីបើច្បាប់ស្តីពីរបបសារព័ត៌មាននៅឯណា?

ឯកឧត្តម ហ៊ុយ វណ្ណៈ តើកោះហៅអ្នកកាសែតធ្វើអ្វីបើច្បាប់ស្តីពីរបបសារព័ត៌មាននៅឯណា?

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងក្នុងហ្វេសបុកផ្លូវការរបស់លោកថា «ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមានអង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទកាសែតបានចុះផ្សាយ។ តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មានដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា?»។

 

ការលើកឡើងបែបនេះទំនងជាលោក ហ៊ុយ វណ្ណៈ យល់ឃើញថាអង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ដោយមើលរំលងច្បាប់របបសារព័ត៌មាន ដែលជាច្បាប់ពិសេសសម្រាប់យកមកអនុវត្តន៍លើអាជីព និងវិជ្ជាជីវៈអ្នកសារព័ត៌មាន គ្រាដែលការផ្សាយរបស់ពួកគេមិនត្រូវបានមានការទាមទារឱ្យកែតម្រូវចុះផ្សាយស្រាយបំភ្លឺឡើងវិញពីសាមីជនដែលបានខកខានមិនបានចូលរួមបញ្ជាក់នៅក្នុងខ្លឹមសារនៃការផ្សាយកាលពីលេខមុន ដែលអ្នកកាសែតបានព្យាយាម ឬអំពាវនាវរកការស្រាយបំភ្លឺមុនពេលអស់លោកទាំងនោះប្រតិកម្ម។

 

បើតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា 10 បានចែងថា ៖ ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌‌មានណាមួយដែលមានលក្ខណៈខុសពីការពិតធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មានសិទិ្ធទាមទារអោយសារព័ត៌‌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹងពីបទបរិហាកេរិ៏្ត ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតបត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថៃ្ង(7ថៃ្ង) យ៉ាងយូរឬនៅលេខបន្ទាប់ ក្រោយពីបានទទួលការទាមទារឱ្យកែតម្រូវ ឬឆ្លើយតប។

 

ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈគ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌‌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិតក្នុងបំណងបំផ្លាញបុគ្គលសារណៈនោះគឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។

 

បើតុលាការរកឃើញថា ការផ្សាយណាមានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីតុលាការ អាចបង្គាប់អោយសារព័ត៌‌មាននោះ :

• ចុះផ្សាយនូវការកែតម្រូវ ឬ

• សងជម្ងឺចិត្ត ឬ

• ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជម្ងឺចិត្តផង។

អត្ថបទកែតម្រូវដែលអ្នកសារព័ត៌‌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សានៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នា និងអត្ថបទដែលបានចាត់ទុកថាជាអត្ថបទធ្វើអោយខូចខាតកិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់គេ លើសពីនេះតុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពី មួយលានរៀល (1,000,000រៀល) ទៅប្រាំលានរៀល (5,000,000រៀល) ទៀតក៏បាន។

 

ម៉្យាងទៀតក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើ តុលាការអាចបញ្ជាឱ្យបិទផ្សាយសេចក្តីសំរេចរបស់ខ្លួននៅទីកនែ្លងទាំងឡាយដែលតុលាការនឹងបញ្ជាក់ ដោយឱ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយសាលក្រមនេះក្នុងសារព័ត៌‌មានមួយ ឬច្រើន និងឱ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយទាំងអស់ ដោយកម្រិតត្រឹមមួយលានរៀល (1,000,000រៀល) យ៉ាងច្រើនបំផុត។

 

សូមរំលឹកថា ក្នុងរយៈពេលចុងក្រោយថ្មីៗនេះអ្នកកាសែត និងចាងហ្វាងកាសែតចំនួនពីររូបហើយត្រូវបានរងបណ្ដឹង និងកោះហៅពីអង្គភាព និងគណៈកម្មការចំណុះឱ្យស្ថាប័នរដ្ឋ ក្រោយការផ្សាយរបស់អង្គភាពសារព័ត៌មាន។

 

ការដែលមានទិដ្ឋភាពបែបនេះមិនដឹងថា ភាគីទាំងពីរដែលជាអ្នកសារព័ត៌មាន និងតួអង្គត្រូវបានចុះផ្សាយនោះ មើលរំលង ឬក៏មានភាពស្រពេចស្រពិល មិនទាន់យល់ច្បាស់ពីខ្លឹមសារមាត្រា 10 នៃច្បាប់ស្ដីពីរបបសារព័ត៌មាន ឬយ៉ាងណានោះទេ?។ ហេតុដូចនេះ បើមានការបកស្រាយពីអ្នកច្បាប់ឱ្យបានទូលំទូលាយលើបំណងនៃមាត្រា 10 នេះអាចជាគុណប្រយោជន៍ដល់អ្នកដែលពាក់ព័ន្ធ និងសាធារណៈជន សម្រាប់ត្រិះរិះពិចារណាមុននឹងធ្វើការសម្រេចចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *