ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក  

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក

នៅវិមានសន្តិភាព នារសៀលថ្ងៃទី16 ខែមីនា ឆ្នាំ2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកជំទាវ Manela V.Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកជំទាវ Manela បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងការឆ្លើយតបប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ប្រកបដោយជោគជ័យ ជាពិសេសសម្រេចបានការចាក់វ៉ាក់សាំងក្នុងអត្រាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រេចបានការបើកប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ2021កន្លងទៅ។

លោកជំទាវ Manela ក៏បានគោរពជម្រាបជូនសម្ដេចតេជោ នូវការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្អិតរមួត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានអះអាងអំពីជំហរច្បាស់លាស់របស់ធនាគារពិភពលោក ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាល លើជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោកជំទាវ Manela អំពីអភិក្រមផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយបានមានប្រសាសន៍បន្ថែមទៀតថា ការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែជួយអាយុជីវិតប្រជាពលរដ្ឋកម្ពុជានោះទេ គឺជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

 

សម្តេចតេជោបានថ្លែងអំណរគុណជូនដល់ធនាគារពិភព លោក ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាភាពជាដៃគូល្អ ហើយអ្វីដែលធនាគារពិភពលោកអាចបន្តធ្វើទៀតនោះ គឺជំរុញភាពចាប់ដៃគូឲ្យកាន់តែខ្លាំងឡើង និងជំរុញរាល់គម្រោងដែលអាចធ្វើបាន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវ Manela អំពីអ្វីដែលកម្ពុជា ចង់បានក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននោះ គឺចង់បានឲ្យអាស៊ានបង្កើតនូវស្ថានភាពអំណោយផលបំពេញឲ្យគ្នាទៅវិញទៅមកក្នុងក្របខណ្ឌ អាស្តាផង និងក្របខ័ណ្ឌអាស៊ានបូក5 ផង ក៏ដូចជាចង់បានឲ្យរបៀបការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងអាស៊ានមានលំហូរល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *