នៅព្រឹកថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2022 នេះ ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈកម្មការទី7 ជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយវិបត្តិកូវីដ19។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជននិងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី7 និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសហការី ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយវិបត្តិកូវីដ19»។
កិច្ចប្រជុំនាថ្ងៃនេះ ត្រូវបានរៀបចំឡើងអនុលោមតាមមាត្រា97 នៃរដ្ឋធម្មនុញ្ញ និងប្រការ 34 ថ្មីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលអនុញ្ញាតឱ្យគណៈកម្មការទី7 បំពេញតួនាទីភារកិច្ចក្នុងនាមជាសេនាធិការជូនរដ្ឋសភាដើម្បីតាមដានត្រួតពិនិត្យសកម្មភាពការងាររបស់ក្រសួងទទួលបន្ទុកដោយផ្អែកលើរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធ។
គួររម្លឹកដែរថា កិច្ចប្រជុំនាថ្ងៃនេះគឺជាលើកទី3 នៃជំនួបផ្លូវការរវាងគណៈកម្មការទី7 ជាមួយក្រសួងអប់រំយុវជននិងកីឡា ដោយក្នុងនោះ កាលពីថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2018 គណៈកម្មការទី7 បានជួបប្រជុំជាមួយក្រសួង ដើម្បីធ្វើការ ពិភាក្សាលើប្រធានបទ «ការរៀបចំផែនការយុទ្ធសាស្រ្តវិស័យអប់រំយុវជន និងកីឡា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី4និងគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មី» ។
បន្ទាប់មកនៅថ្ងៃទី22 ខែមេសា ឆ្នាំ2019 គណៈកម្មការ និងក្រសួងបានរៀបចំសិក្ខាសាលារួមគ្នា ក្រោមប្រធានបទ «ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខ័ណ្ឌកម្ពុជា និងសាកល»។