នៅព្រឹកថ្ងៃទី 26 ខែមករា ឆ្នាំ 2022នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាប្រព័ន្ធលូបេតុង និង រ៉ឺហ្គា លើកំណាត់ផ្លូវជាតិលេខ21 និងផ្លូវលេខ210 ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌបានថ្លែងថាថ្ងៃនេះមិនមែនជាលើកទី1ទេ ដែលក្រុងតាខ្មៅមានការអភិវឌ្ឍ ប្រទេសជាតិមានការរីកចំរើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺមិនប្រកាន់ជាតិសាសន៍ ឬសាសនាឡើយ គឺរស់នៅក្រោមដំបូលតែមួយ ហេតុនេះបានជាគ្រប់ជាតិសាសន៍និងសាសនាទាំងអស់រស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា។ហើយសមិទ្ធផលដែលកើតឡើងនៅក្នុងសម័យតេជោរួមមានហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ស្ពាន លូបង្ហូរទឹក សំណង់សាធារណៈផ្សេងៗទៀតមានការរីកលូតលាស់ឡើង ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទើបធ្វើអោយប្រទេសជាតិមានការរីកចំរើនរហូតមកដល់សព្វថ្ងៃ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមស្ថាបនាលូបេតុងសរសៃដែកមុខកាត់1,5ម៉ែត្រ ប្រវែង762 ម៉ែត្រ ដាក់រ៉ឺហ្គាទំហំ 3ម៉ែត្រ គុណ3ម៉ែត្រ ចំនួន34កន្លែង តាមបណ្តោយផ្លូវជាតិលេខ21 និងស្ថាបនាលូបេតុងសរសៃដែក មុខកាត់ 1ម៉ែត្រប្រវែង232ម៉ែត្រ និងរ៉ឺហ្គា ទំហំ 1,8ម៉ែត្រ គុណ1,8ម៉ែត្រ ចំនួន 14កន្លែង តាមបណ្តោយផ្លូវជាតិលេខ210ដោយចំណាយថវិកាអស់ប្រមាណ 2,000លានរៀល ឬស្មើនឹង60ម៉ឺនដុល្លារ នេះជាកាយវិការដ៏ល្អប្រពៃ និងជាគំរូដ៏ល្អ ដែលបានដាក់ទុនវិនិយោគក្នុងភូមិសាស្រ្តខេត្តកណ្តាល និងបានចូលរួមអភិវឌ្ឍក្នុងវិស័យសាធារណៈការ សំណង់សិល្បៈការ ដើម្បីទុកបម្រើជាប្រយោជន៍សាធារណៈ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត បង្រ្កាបបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់ នៅពេលការដ្ឋានដំណើរការ និងសូមចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស ដើម្បីអោយការដ្ឋាននេះដំណើរការប្រកបដោយជោគជ័យ។