នៅព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2022នេះ ឯកឧត្តម គង់សោភ័ណ្ឌ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង11 ត្រូវបន្តខិតខំបញ្ចេញស្នាដៃរបស់ខ្លួនលើការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយត្រូវរៀបចំផែនការថ្មី ដើម្បីអនុវត្តឱ្យបានទទួលលទ្ធផលពិតប្រាកដ សំដៅធ្វើឱ្យខេត្តកណ្ដាលទាំងមូលទទួលបានជោគជ័យលើការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង។
ឯកឧត្តមអភិបាលខេត្ត បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយមានចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង11 និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការគ្រប់គ្រងសំរាម សំណល់រឹង គឺជាកិច្ចការសំខាន់បន្ទាន់សម្រាប់យើងទាំងអស់គ្នាចូលរួមទទួលខុសត្រូវ ដូចពាក្យស្លោករបស់រាជរដ្ឋាភិបាលបានលើកឡើងថា “កម្ពុជាស្អាតផ្ដើមចេញពីយើងម្នាក់ៗ” ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់លើកិច្ចការ សំខាន់ៗមួយចំនួនដូចជា ការបើកយុទ្ធនាការ
ប្រមូលសំរាមនៅតាមដងផ្លូវ និងក្នុងប្រភពទឹកសាធារណៈឱ្យអស់ ការកែលម្អទីលានចាក់សំរាម ការកំណត់ថ្លៃសេវាសំរាម ការអប់រំប្រជាពលរដ្ឋលើការញែកនិងទុកដាក់សំរាម ការពង្រឹងការទទួលខុសត្រូវរបស់ការិយាល័យជំនាញ ការចូលរួមរបស់វិស័យឯកជនក្នុងការគ្រប់គ្រងសំរាម និងការពង្រឹងលើការអនុវត្តការផាកពិន័យទាក់ទងនឹងបទល្មើសនៃការចោលនិងដុតសំរាមជាដើម។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តគោលការណ៍សកល3អ៊ែ (3Rs)គឺ៖ កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃ (Recycle) គឺជាគោលដៅអាទិភាពសម្រាប់កិច្ចគាំពារនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម-បរិស្ថាន បរិយាប័ន្ន ក្នុងគោលដៅលើកកម្ពស់សោភ័ណភាពទីប្រជុំជនខេត្ត-ក្រុង-ស្រុក ឱ្យមានផាសុខភាព និងសុខមាលភាពប្រជាជនទូទៅ នៅក្នុងខេត្តកណ្តាលទាំងមូល។
សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានប្រជាជនសរុបប្រមាណ ជិត1,3សែននាក់ គិតត្រឹមឆ្នាំ2019 ហើយបើតាមការប៉ាន់ស្មាន ជាមួយនឹងចំនួនប្រជាពលរដ្ឋនេះ បរិមាណសំរាម សំណល់រឹង គឺមានជាមធ្យមប្រមាណ 780តោន/ថ្ងៃ ឬប្រមាណ 28.5ម៉ឺនតោន/ឆ្នាំ។