គិតត្រឹមថ្ងៃទី 26 ខែតុលា ឆ្នាំ 2021នេះ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន542គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង 7លានដុល្លារអាមេរិក។
ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល តាមស្មារតីសេចក្តីជូនដំណឹងលេខ482 សជណ.ហធ. ចុះថ្ងៃទី2 ខែកញ្ញា ឆ្នាំ2021 របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម គុណ ញឹម បានបន្ថែមថា«ក្នុងចំណោម542គ្រឿង ដែលបានចូលទៅបង់ពន្ធនោះ មាន352គ្រឿង ជាប្រភេទចង្កូតឆ្វេង ស្មើនឹងទឹកប្រាក់5,8លានដុល្លារ និងរថយន្តចង្កូតស្តាំ ចំនួន190គ្រឿង ដែលបានយកប្រាក់ទៅកក់ ស្មើនឹងទឹកប្រាក់ជាង1លានដុល្លារអាមេរិក»។
តាមការបញ្ជាក់ពីឯកឧត្តម គុណ ញឹម បច្ចុប្បន្នមានរថយន្តគ្មានពន្ធ និងអាករនាំចូល ជ្រកក្រោមស្លាកលេខផ្សេងៗ មានប្រមាណ1ម៉ឺនគ្រឿង នៅទូទាំងប្រទេស។
កាលពីពេលមុន ការនាំចូលរថយន្តគ្មានពន្ធ និងអាករនាំចូល តាមច្រករបៀង មានប្រមាណ10គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែក្រោយមានចំណាត់ការ និងវិធានការតឹងរឹង បច្ចុប្បន្នការលួចនាំចូលមិនមានតទៅទៀតនោះទេ។
យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីខែកញ្ញា កន្លងទៅ បានបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្ត ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឲ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបាន ការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន10ភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2021នេះ នឹងមិនគ្របដណ្តប់លើយានយន្ត មានឆ្នាំផលិត2021ឡើយ។
ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2022 រហូតដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2022 ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុវត្តឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។
ចំពោះរថយន្តចង្កូតស្ដាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ ស្មើនឹងប្រាក់ពន្ធនិងអាករសរុបដក10ភាគរយ និងត្រូវយករថយន្តទៅកែចង្កូតពីស្ដាំទៅឆ្វេង ឲ្យបានរួចរាល់យ៉ាងយូរបំផុត ត្រឹមថ្ងៃទី30 ខែមិថុនា ឆ្នាំ2022។ បន្ទាប់ពីប្ដូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាប័ត្ររថយន្តពីមន្ត្រីគយ។
ហើយ ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2022តទៅ យានយន្តគ្មានពន្ធ ដែលបង្ក្រាបបាននឹងត្រូវតម្រូវឲ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្ដាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំណែកជាគ្រឿងបន្លាស់។