នៅព្រឹកថ្ងៃទី 14 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី29 អាណត្តិទី3 ក្រោមអធិបតីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ តាមប្រព័ន្ធវីដេអូ ( Zoom Meeting) ។
អាជ្ញាធរខេត្តកណ្ដាល ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបញ្ចប់ការបូមខ្សាច់លើសម៉ោង និងការបូមខ្សាច់ខុសទីតាំងដែលបានកំណត់។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី29 អាណត្តិទី3 នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត។
ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បន្តថាបន្ទាប់ពីមានការស្រកចុះនូវទឹកទន្លេ ព្រែក អាចបណ្ដាលឱ្យមានការបាក់ច្រាំង ដែលជាកត្តាធម្មជាតិ ក៏ប៉ុន្តែក៏មានកត្តាមួយចំនួន ដែលជាបញ្ហាប្រឈមបណ្ដាលឱ្យមានការបាក់ច្រាំង និងធ្វើឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ និងកាបូមហួសម៉ោងដែលច្បាប់បានកំណត់ផងដែរ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីររ៉ែ និងថាមពល និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាបញ្ចប់នូវសកម្មភាពទាំងនេះឱ្យបានដើម្បីកាត់បន្ថយនូវការបាក់ច្រាំង និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 នៅក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងល្អប្រសើរក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ។