ភ្នំពេញៈយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០មូលនិធិគន្ធបុប្ផាកម្ពុជាសម្រាប់ខែឧសភាឆ្នាំ២០២០…នេះបានទទួលថវិកាបរិច្ចាគចំនួន១០៦.៩២៨.៥១១រៀលនិង១.១២៤.០៤៩ដុល្លារអាមេរិកពីសប្បុរសជនចំនួន៦.០០៣រូប។
ក្នុងចំណោមថវិកាទាំងអស់សម្រាប់ខែឧសភានេះ,មូលនិធិគន្ធបុប្ផាកម្ពុជាមានកិត្តិយសដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបរិច្ចាគថវិកាប្រចាំឆ្នាំ២០២០ ចំនួន៥០.០០០ដុល្លារអាមេរិក។កាកបាទក្រហមកម្ពុជា បានប្រគល់វិភាគទានប្រចាំឆ្នាំលើកទី៣
ជូនមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន១.០០០.០០០ដុល្លារអាមេរិក។ក្នុងខែឧសភានេះដែរមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ១.០០០.០០០ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីរក្សានិរន្តរភាព នៃកិច្ចដំណើរការ ក្នុងការពិនិត្យនិងព្យាបាលកុមារមានជំងឺនៅកម្ពុជាប្រកបដោយគុណភាពឥតគិតថ្លៃ និងមិនមានការរើសអើង។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ចំពោះការបន្តគាំទ្រនិងបរិច្ចាគថវិកាដើម្បីរួមគ្នាទ្រទ្រង់និងធានាឲ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាពប្រសិទ្ធភាពនិងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។សំដៅលើកកម្ពស់សុខុមាលភាពកុមារនិងទារកនៅកម្ពុជាទោះបីជាពិភពលោកទាំងមូលក៏ដូចជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវដល់សប្បុរសជនទាំងអស់រួមទាំងស្ថាប័នរដ្ឋនិងឯកជននានា ឱ្យចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០.០០០.០០០រៀល ឬ ៥.០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំឬជាសមាជិកគាំទ្រដោយបរិច្ចាគចាប់ពី៥.០០០រៀលក្នុងមួយខែឬ៦០.០០០រៀលក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី”ខ្មែរជួយខ្មែរ”៕