ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃការស្ថាបនាផ្លូវបេតុងប្រវែង ១១០០ម៉ែត្រ ទទឹង ១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក កំណាត់ផ្លូវជាតិលេខ៣

ថ្ងៃព្រហស្បត្តិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅក្រុងកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមបច្ចេកទេសជំនាញរបស់រដ្ឋបាលខេត្ត ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃការស្ថាបនាផ្លូវបេតុងប្រវែង ១១០០ម៉ែត្រ ទទឹង ១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក កំណាត់ផ្លូវជាតិលេខ៣ ដើម្បីធានាគុណភាពរឹងមាំតាមស្តង់ដារអាចប្រើប្រាស់ជាប់បានយូរអង្វែង និងពន្លឿនការស្ថាបនាឲ្យលឿន ដោះស្រាយបញ្ហាកកស្ទះចរាចរក្នុងក្រុងកំពត ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត។

គម្រោងស្ថាបនាផ្លូវបេតុងចាប់ពីភ្លើងស្តុបផ្លូវបំបែកផ្សារសាមគ្គី ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវស្ថាបនាបេតុងសរសៃដែក មានប្រវែង ១១០០ម៉ែត្រ ទទឹង ១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក ដាំដើមឈើសងខាងផ្លូវ រៀបចំខឿន ការ៉ូឡាអមសងខាងផ្លូវប្រវែង ២ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនចិន CRBC ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនWACC ។

ឯកឧត្ដម អភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តនឹងជម្រុញការងារសាងសង់ស្ថាបនាផ្លូវបេតុងសរសៃដែកនេះ ឲ្យលឿន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងកាត់ក្រុងកំពត ឱ្យបានឆាប់រហ័ស ចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះចរាចរណ៍។

បច្ចុប្បន្ននេះ រយៈពេល ១ខែហើយ ក្រុមហ៊ុន បានមកស្ថាបនាផ្លូវបេតុង ហើយក្រុមហ៊ុនមានបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹងការសាងសង់ មានភាពយឺតយ៉ាវខ្លាំង ខ្វះគ្រឿងចក្រ ហើយក្រុមហ៊ុនចាក់បេតុងបានតែ៣០ម៉ែត្រ បេតុងគ្មានគុណភាព ១១ម៉ែត្រ ត្រូវវាយចោល ធ្វើឡើងវិញ ជាពិសេសការដឹកជញ្ជូនបេតុងគ្មានគ្រឿងចក្រគ្រប់គ្រាន់ ប្រើឡានតូចដឹកជញ្ជូនបេតុង គ្មានគ្រឿងចក្រសម្រាប់បាញ់បេតុង នាំឲ្យការងារមានភាពយឺតយ៉ាវ។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធសហការគ្នាកែសម្រួលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវអនុវត្តការងារឲ្យបានរហ័ស ទាន់រដូវវស្សាចូលមកដល់។

ឯកឧត្តម អភិបាលខេត្ត បានសំណូមពរ ដល់ក្រុមហ៊ុនម៉ៅការសាងសង់៖
១.ចាប់ពីថ្ងៃនេះទៅ ក្នុង១ថ្ងៃ ក្រុមហ៊ុនត្រូវស្ថាបនាផ្លូវបេតុងឲ្យបានប្រវែង ១០០ម៉ែត្រ (មួយចំហៀង ទទឹង ៦,៤ម៉ែត្រ) ដោយរៀបចំសរសៃដែក នៅពេលថ្ងៃ ហើយពេលយប់ចាក់បេតុង ត្រូវបន្ថែមម៉ោងធ្វើការ និងគ្រឿងចក្រឲ្យបានគ្រប់គ្រាន់ សម្រាប់បម្រើការងារបេតុង។
២.កែលម្អលក្ខណៈបច្ចេកទេសស្ថាបនាផ្លូវបេតុងនេះ ដើម្បីធានាគុណភាពរឹងមាំតាមស្តង់ដារអាចប្រើប្រាស់ជាប់បានយូរអង្វែង និងពន្លឿនការស្ថាបនាឲ្យលឿន ដោះស្រាយបញ្ហាកកស្ទះចរាចរក្នុងក្រុងកំពត។
៣.ស្នើសុំក្រុមហ៊ុនដាក់ប្រព័ន្ធលូរំដោះទឹកបន្ថែមសងខាងផ្លូវ ប្រវែង ៨០០ម៉ែត្រ បន្ថែមលើគម្រោងលូរំដោះទឹករបស់ក្រុមហ៊ុន ប្រវែង ៣០០ម៉ែត្រ ដែលមានស្រាប់។

គួរបញ្ជាក់ថា៖ ក្រុមហ៊ុនម៉ៅការសាងសង់សន្យាថានឹងកែលម្អលក្ខណៈបច្ចេកទេស និងបន្ថែមម៉ោងធ្វើការ ដើម្បីស្ថាបនាផ្លូវបេតុង ប្រវែង ១១០០ម៉ែត្រ ឲ្យលឿន ដោះស្រាយបញ្ហាកកស្ទះចរាចរក្នុងក្រុងកំពត។

 

 

Leave a Reply

Your email address will not be published. Required fields are marked *