នៅព្រឹកថ្ងៃទី 11 ខែសីហា ឆ្នាំ 2021នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំង លោក លោកស្រី ប្រធានមន្ទី កងកំលាំងសមត្ថកិច្ច បានអញ្ជើញចុះពិនិត្យ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19 នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹងថារដ្ឋបាលខេត្តកណ្ដាល កំពុងប្រឈមនឹងការខ្វះអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19 ក្នុងព្រឹត្តការណ៍ សហគមន៍20 កុម្ភៈ ដោយឃេីញស្ថានភាពជួបការលំបាករបស់រដ្ឋបាលខេត្តកណ្តាល លោកជំទាវឧកញ៉ាកិតិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានសម្រេចប្រគល់ អគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ដ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ដែលទើបសាងសង់សម្រេចបានដូចខាងលើ ជូនដល់រដ្ឋបាលខេត្តនៅថ្ងៃទី5 ខែមេសា ឆ្នាំ2021កន្លងទៅ ដើម្បីយកទៅចាត់ចែងសាងសង់បញ្ចប់ប្រើប្រាស់ឆ្លើយតបទៅនឹងស្ថានភាព អ្នកជំងឺកូវីដ19 ដែលកំពុងមានការកើនឡើង និងប្រើប្រាស់សម្រាប់ផ្ដល់សេវាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ នៅពេលជំងឺកូវីដ19 ត្រូវបានលុបបំបាត់ទាំងស្រុងផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានណែនាំអោយក្រុមវិស្វករសាងសង់អគារអោយបន្ថែមនៅប្រព័ន្ធពន្លត់អគ្គីភ័យស្វ័យប្រវត្តិបន្លែម ទៀតដើម្បីការពារសុវត្តិភាពដល់អ្នកជំងឺ ក៏ដូចជាក្រុមមគ្រូពេទ្យ ផងដែរ ឯកឧត្ដមសាស្រ្តាចារ្យ និងឯកឧត្ដម អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះទឹកចិត្តរបស់លោកជំទាវឧកញ៉ាកិតិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលបានផ្ដល់អគារទាំង2ខ្នងនេះជូនដល់មន្ទីរពេទ្យ ជ័យជំនះ ដែលពេលនេះជាពេលចាំបាច់ត្រូវមានកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19 ផងដែរ។
គួរបញ្ចាក់ដែរថា អគារទី1 ឈ្មោះថា អគារវះកាត់ សុភាវី មានទំហំ 40ម៉ែត្រx13ម៉ែត្រ កំពស់ 5ជាន់ ក្នុង1ជាន់មាន15បន្ទប់ ស្មេីនិង70បន្ទប់ និងបំពាក់ប្រព័ន្ធ អុកស៊ីហ្សែន និងអគារទី2 ឈ្មោះថា អគារសម្ភព សុភាវ័ន្ត ទំហំ 40ម៉ែត្រx13ម៉ែត្រ កំពស់ 4ជាន់ ក្នុង1ជាន់មាន15បន្ទប់ ស្មេីនិង60បន្ទប់ និងបំពាក់ប្រព័ន្ធ អុកស៊ីហ្សែន ព្រមទាំងមានជណ្ដើរយន្ត និងមានសម្ភារបរិក្ខារទំនើបៗតាមជាន់និមួយៗដូចគ្នាផងដែរ ។
មកដល់ពេលនេះ អគារទាំង2សម្រេចលទ្ធផលសាងសង់បាន100% ហេីយអាចទទួលព្យាបាលអ្នកជំងឺបានប្រមាណ 300នាក់ នឹងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺ ក្នុងពេលឆាប់ៗខាងមុខ។