ព័ត៌មានជាតិ

នៅពេលនេះចាប់បានជនសង្ស័យដែលពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោក រ៉េត ស៊ីណែត ហើយ។

នៅពេលនេះចាប់បានជនសង្ស័យដែលពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោក រ៉េត ស៊ីណែត ហើយ។

 

នៅពេលនេះសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់បានហើយពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយជនសង្ស័យម្នាក់នេះជាអ្នកបើកឡាន។

នៅថ្ងៃទី 3 ខែមករា ឆ្នាំ 2021នេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ជាអ្នកបើកបររថយន្តរស់នៅចំណុចផ្ទះជួល ស្ថិត ក្នុងមច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិ អូរតាគាំង 1 សង្កាត់ទួលតែឯកក្រុងបាត់ដំបង។

តាមចម្លើយសារភាពរបស់ឈ្មោះ កែ ចាន់មាន បានឲ្យដឹងថាកាលពីយប់ថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020 ខ្លួនបានចេញពីផឹកស៊ីហើយបើករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្ដុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតហេតុខ្លួនបានបើករថយន្តបុកគូទរថយន្តជនរងគ្រោះពីក្រោយបន្ទាប់មកជនរងគ្រោះបានបើករថយន្តគៀររថយន្តខ្លួននិងបានយកអាវុធខ្លីភ្ជង់ខ្លួនដើម្បីឲ្យអែបកៀនព្រមទាំងប្រើពាក្យសម្ដីជេរប្រមាថមកលើខ្លួនទៀតផងទើបឈ្មោះ រ៉េន មានកំហឹងហើយប្រាប់ខ្លួនឲ្យនៅស្ងៀមចាំមើលធ្វើតាមតែឈ្មោះ រ៉េន ប្រាប់បានហើយ។

ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើដោយឃើញជនរងគ្រោះធ្វើប្រហេសឈ្មោះ រ៉េន ក៏បានដកយកអាវុធខ្លីនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះរួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង។

សូមបញ្ជាក់ថាអំពើបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង 12 និង 5 នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2020 នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី 2 សង្កាត់ កាកាប 2 ខណ្ឌ ពោធិ៍សែនជ័យ ប្រភពព័ត៌មាន ស៊ីភីស៊ី news។

Leave a Reply

Your email address will not be published. Required fields are marked *