វ៉ាក់សាំងស៊ីណូវ៉ាក់1លានដូស បន្ថែមទៀត និងឧបករណ៍តេស្តរហ័ស30ម៉ឺន ជំនួយរបស់មិត្តចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ។
វ៉ាក់សាំងកូវីដ19 របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ប្រទេសចិនចំនួន 1លានដូស បន្ថែមទៀត និងឧបករណ៍តេស្តរហ័សចំនួន 30ម៉ឺន ដែលជាជំនួយរបស់មិត្តចិន ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី31ខែកក្កដា
ឆ្នាំ2021នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯឧបករណ៍តេស្តរហ័សចំនួន 30ម៉ឺន ដែលដឹកមកជាមួយវ៉ាក់សាំងនេះ គឺជាជំនួយរបស់មិត្តចិន។
វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19នេះផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងប្រមាណជា 18លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណជា 17លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។
តាមផែនការនៅត្រឹមខែសីហា ខាងមុខនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ 20លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី 18ឆ្នាំឡើង ដែលមានចំនួនប្រមាណ 10លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ 5លានដូស បន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី 12ឆ្នាំ ទៅ17ឆ្នាំផងដែរ។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង 7លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់៕