ព្រឹកស្អែក កម្ពុជា នឹងដឹកជញ្ជូនអំណោយតាមយន្តហោះពិសេសផ្តល់ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19ដែលកំពុងវាយលុកយ៉ាងខ្លាំង។
នៅព្រឹកថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021 ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងចាត់តំណាង នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដឹកជញ្ជូនតាមរយៈយន្តហោះពិសេស ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ដែលកំពុងវាយលុកយ៉ាងខ្លាំង។
សូមជម្រាបថា កាលពីថ្ងៃទី 17 ខែកក្កដា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា 20ម៉ឺនដុល្លារ និងម៉ាសចំនួន 1លាន 1សែនម៉ាស និងម៉ាស៊ីនផលិតអុកសុីសែនស្វ័យប្រវត្តិចំនួន 100គ្រឿងជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ19។
ទន្ទឹមគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន10ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម និងសមាគមមិត្តភាពកម្ពុជា វៀតណាម ថវិកាចំនួន 5មុឺនដុល្លាសហរដ្ឋអាមេរិច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាមផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាសនេះ គឺជាការបង្ហាញនូវស្មារតីរួមសហការគ្នា និងរួមសុខរួមទុក្ខក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19។
សូមបញ្ជាក់ថា កន្លងមកកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាសទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19ផងដែរ។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា