សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតវៀតណាមថា ក្នុងកាលៈទេសៈនេះ ត្រូវរួមគ្នាគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងកូវីដ19 តែកុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា និងត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី3 ខែកក្កដា ឆ្នាំ2021នេះ បានមានប្រសាសន៍ ប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តម វូ គ័ងមិញ (Vu Quang Minh) ថា ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើគឺ
ទី1 រួមគ្នាគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងកូវីដ19 តាមរយៈវិធានសុខាភិបាល តែធ្វើយ៉ាងណា កុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា។
ទី2 បន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ទី3ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំង2 អាចជំរុញធ្វើការរួមគ្នាបាន។
ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើង នៅក្នុងឱកាសអនុញ្ញាត ឲ្យឯកឧត្ដម ឯកអគ្គរដ្ឋទូត ចូលជួបជម្រាបលានៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ចប់អាណត្តិការទូតនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល3ឆ្នាំ7ខែកន្លងមក ឯកឧត្តម សង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំង2 មានការរឹងមាំនិងមានការរីកចម្រើន ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្ម ក៏មានការកើនឡើងផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ថា នេះគឺជាភាពជោគជ័យ ដែលភាពជោគជ័យនេះ គឺជាសុភមង្គលរបស់អ្នកការទូត ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ ដែលបានចូលរួមចំណែកជួយសហការជាមួយលោក ធ្វើឲ្យបេសកម្មកាទូតលោកនៅកម្ពុជា បានទទួលជោគជ័យ។
សម្តេចតេជោ បានយល់ស្របជាមួយអ្វី ដែល ឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើង ហើយបានថ្លែងអំណរគុណជូន ចំពោះឯកឧត្តម ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង2 មានការរីកចំរើន និងកាន់តែរឹងមាំ៕ដោយ: ទទក