សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្តដល់កុមារក្រីក្រចំនួន 3 នាក់ ដែលបានចូលរួមក្នុងការប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាប។
ដោយក្ដីអាណិតអាសូរនិងមើលឃើញពីការក៏ស៊ូក្នុងជីវិតនៅរសៀលថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2020 នេះ សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឱ្យសហការីចុះសួរសុខទុក្ខនិងលើកទឹកចិត្តព្រមទាំងយកអំណោយមនុស្សធម៌ដល់ជូនកុមារចំនួន 3 នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមក្នុងការប្រកួតប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាប ខណ្ឌ ជ្រោយចង្វារាជធានី ភ្នំពេញ។
កុមារទាំងបីនាក់នោះរស់នៅភូមិ ព្រែកតាគង់ សង្កាត់ព្រែក តាសេក ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ។
១ ឈ្មោះ ពេជ្រ ធារ៉ា អាយុ 13 ឆ្នាំ ទី 2 ឈ្មោះ សុវណ្ណ សាលីអាយុ 14 ឆ្នាំ និងទី 3 ឈ្មោះ ឈិន ភារម្យ អាយុ 9 ឆ្នាំ។
នៅក្នុងឱកាសនោះដែរលោកជំទាវ មែ៉ន នារីសោភ័គអគ្គលេខាធិការរងទី 1 កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីអាណិតអាសូរនិងកោតសរសើរចំពោះការតស៊ូរបស់កុមារទាំងបីនាក់ ខាងលើនេះដែលមានឆន្ទៈស្រឡាញ់កីឡាហើយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃទៀត។
ជាមួយគ្នានេះលោកជំទាវបានពាំនាំនូវការលើកទឹកចិត្តពីសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កុមារទាំងបីនាក់ដែលមានចិត្តស្រឡាញ់វិស័យកីឡា ដែលនេះអាចយកធ្វើជាគំរូដល់កុមារនិងយុវជនដទៃទៀត ប្រសើរជាងការប្រព្រឹត្តគ្រឿងញៀន ល្បែងស៊ីសង ឬទង្វើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម ទន្ទឹមនឹងនេះសូមក្មួយខំសិក្សារៀនសូត្រឲ្យបានពូកែដើម្បីអនាគតភ្លឺស្វាងចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដើម្បីជីវភាពគ្រួសាររុងរឿង។
កុមារទាំងបីនាក់ខាងលើនេះនិងក្រុមគ្រួសារបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលើកទឹកចិត្តនិងផ្ដល់ការសណ្ដោះប្រណីហើយពួកគេបានប្ដេជ្ញាអនុវត្តតាមការទូន្មានរបស់ មាតាមនុស្សធម៌ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែធ្វើជា កូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ នៅក្នុងសង្គម។
ដើម្បីជួយសម្រាលជីវភាពគ្រួសារកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភដល់គ្រួសារកុមារនីមួយៗទទួលបានអង្ករ 100គីឡូក្រាម មី2កេះ ត្រីខ 20 កំប៉ុង ឃីត មុង ភួយ សារុងក្រមា អាវយឺត ឃីតមួយកញ្ចប់ អាហារមួយកញ្ចប់កាបូបស្ពាយមួយនិងថវិកា 50ម៉ឺនរៀល។