ព័ត៌មានជាតិ

លោក ស៊ាន ណារ័ត្ន៖ «បើយកផលប្រយោជន៍មកដាក់មុខ ប្រហែលខ្ញុំមិនធ្វើប្រជាការពារឡើយ ធំបំផុតគឺក្ដីស្រលាញ់!»

លោក ស៊ាន ណារ័ត្ន៖ «បើយកផលប្រយោជន៍មកដាក់មុខ ប្រហែលខ្ញុំមិនធ្វើប្រជាការពារឡើយ ធំបំផុតគឺក្ដីស្រលាញ់!»

ជាមេគ្រួសារ និងជាកសិករមួយរូប លោក ស៊ាន ណារ័ត្ន បច្ចុប្បន្នរស់នៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្ម័គ្រចិត្តចូលធ្វើជាប្រជាការពារក្នុងតួនាទីជាប្រធានក្រុមតាំងពីឆ្នាំ២០២១។ មកដល់បច្ចុប្បន្ន បុរសសម្បុរខ្មៅ អាយុ៤៥ឆ្នាំរូបនេះ ធ្វើប្រជាការពារបានរយៈពេល៤ឆ្នាំ។ បើទោះបីជាមិនទទួលបានប្រាក់បៀវត្ស តែលោកទទួលបានតែប្រាក់ឧបត្ថម្ភបន្តិចបន្តួចដើម្បីផ្គត់ផ្គង់គ្រួសារ។

ឆ្លងកាត់បទពិសោធន៍៤ឆ្នាំ ក្នុងនាមជាប្រធានក្រុមប្រជាការពារដែលមានកម្លាំងសរុប១០នាក់ លោកបានថ្លែងប្រាប់ក្រុមព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា តួនាទីរបស់ប្រជាការពារគ្រប់រូប គឺបម្រើការងារដោយការស្ម័គ្រចិត្ត ពោពេញដោយឆន្ទៈ និងការទទួលខុសត្រូវ ទោះបីជាពេលខ្លះនឿយហត់ក៏ពិតមែន ក៏រូបលោកនៅតែបន្តធ្វើការងារនេះដោយការពេញចិត្តជានិច្ច។

លោកបានរម្លឹកទៀតថា ការងារដែលអនុវត្តកន្លងមកធ្លាប់ជួបនូវការរិះគន់ ការមើលងាយ ពីបុគ្គលមួយចំនួន ហើយក្នុងនោះលោកក៏បានជួបប្រទះនូវផលវិបាក និងបញ្ហាប្រឈមមួយចំនួនដែរ។ រិតតែលំបាកទៀតនោះគឺក្នុងនាមជាប្រធានរបស់គេ ត្រូវទទួលខុសត្រូវគ្រប់បែបយ៉ាង ប៉ុន្តែអ្វីទាំងអស់គឺអាចដោះស្រាយបាន។ «គ្រប់ការងារទាំងអស់ មិនមានការងារណាដែលអនុវត្តទៅដោយរលូននោះទេ តែងតែជួបនូវបញ្ហាខ្លះហើយ ទន្ទឹមនេះយើងទទួលបានការសរសើរខ្លះដែរ»។ នេះជាការបន្ថែមរបស់លោករ័ត្ន។

យ៉ាងណាក៏ដោយ លោកសង្កេតឃើញថា បន្ទាប់ពីអនុវត្តការងារជាច្រើនឆ្នាំ ការរិះគន់ដែលធ្លាប់មានបានរសាយច្រើនហើយ ព្រោះដោយសារតែក្រុមប្រជាការពារ បានខិតខំប្រឹងប្រែងអនុវត្តការងារសុខចិត្តលះបង់ពេលវេលាគ្រួសារ ដើម្បីសុខសុវត្ថិភាពពលរដ្ឋក្នុងមូលដ្ឋាន រួមចំណែកជាមួយនឹងអាជ្ញាធរ ខុសប្លែកពីពេលមុនឆ្ងាយ ដែលមិនទាន់មានប្រជាការពារ ករណីក្មេងទំនើង ឬករណីបទល្មើសផ្សេងៗ មានការកើតឡើងស្ទើរតែរាងរាល់ថ្ងៃ ប៉ុន្តែក្រោយពេលមានប្រជាការពារ ករណីទាំងអស់នោះត្រូវបានកាត់បន្ថយជាច្រើន។ លោកបន្តថា« ចំណុចទាំងអស់នេះដែលធ្វើឱ្យការរិះគន់ត្រឡប់មកជាការសាទរវិញ រូបលោក និងក្រុមទាំងមូល ក៏ទទួលបានការកោតសរសើរពីនាយប៉ុស្តិ៍រដ្ឋបាលលើការអនុវត្តការងារយ៉ាងសកម្មនាពេលកន្លងមក»។

លោកបានគូសបញ្ជាក់ទៀតថា ការងាររបស់ប្រជាការពារគ្រប់រូប គឺមិនបានគិតពីផលប្រយោជន៍ ឬកត្តាចង់បានអ្វីពីការងារនេះឡើយ។ លោកបន្ថែមថា «បើគិតពីផលប្រយោជន៍វិញ លោកមិនចាំបាច់ចូលធ្វើជាប្រជាការពារនោះទេ មិនខ្វះទេការងារនាពេលបច្ចុប្បន្ន ផ្ទុយទៅវិញការងាររបស់ប្រជាការពារទទួលបានតែការឧបត្ថម្ភបន្តិចបន្តួចតែប៉ុណ្ណោះ កុំថាឡើយតែប្រាក់បៀវត្ស សូម្បីតែពេលវេលាសម្រាប់គ្រួសារក៏មិនមានគ្រប់គ្រាន់ផង ទាំងថ្ងៃសៅអាទិត្យ ឬថ្ងៃបុណ្យទានផ្សេងៗ»។

ក្នុងនាមជាមេគ្រួសារ និងជាកសិករមួយរូបលោក ស៊ាន ណារ័ត្ន ថ្វីដ្បិតតែការងារប្រជាការពារ មិនមានប្រាក់បៀវត្សក្តី មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារក្តី ប៉ុន្តែជាការងារដែលរូបលោកពេញចិត្ត និងស្រលាញ់ សំខាន់បំផុតនោះ គឺលោកបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ការងារសង្គម ជាពិសេសលោកនឹងក្រុមការងារបានជួយការពារ សុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់លោក។ លោកលើកទឹកចិត្តប្រជាការពារទូទាំងប្រទេស រក្សាការលើកទឹកចិត្តដល់ខ្លួនឯងថា«ពួកយើងធ្វើដើម្បីសេចក្ដីសុខអ្នកភូមិយើង ដើម្បីជោគជ័យជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជូនក្រសួងមហាផ្ទៃដឹកនាំដោយឯកឧត្តម [អភិសន្តិបណ្ឌិត] ស សុខា»។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ ប្រជាការពារមានតួនាទីសំខាន់ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយពេលខ្លះក៏តម្រូវអោយបំពេញការងារផ្សេងៗទៀត រួមទាំងអនាម័យបរិស្ថាន និងការសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវផងដែរ។

អ្នកនាំពាក្យរងក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាការពារទាំងអស់ ក្នុងនោះក៏មានមន្ត្រីចូលនិវត្តន៍មួយចំនួនបានស្ម័គ្រចូលធ្វើជាប្រជាការពារ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម មិនរួញរា មិនខ្លាចក្តៅត្រជាក់ លះបង់កម្លាំងកាយចិត្ត ចូលរួមសហការអនុវត្តការងារជាមួយអាជ្ញាធរ និងសមត្ថកិច្ចទៅតាមការបញ្ជារបស់គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ និងចូលរួមអនុវត្តការផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងតួនាទីជាអ្នកថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីជាមិនមានឈ្មោះជាមន្ត្រីនៅក្នុងក្របខណ្ឌណាមួយក៏ដោយ។

យោងតាមសេចក្តីណែនាំលេខ ០៣៧សណន ស្តីពីការពង្រឹងចលនាប្រជាការពារ ប្រវត្តិសាស្ត្រកម្ពុជានៅតាមដំណាក់កាលនីមួយៗតែងបានបង្កើតចលនាការពារសន្តិសុខ មាតុភូមិ ដោយកំណត់ឈ្មោះខុសៗគ្នា និងការបំពាក់ក៏មិនដូចគ្នាដែរ មានជាអាទិ៍ កងស្វ័យត្រាណ កង ជីវពល កងនារីក្លាហាន កងអាសាស្ម័គ្រ ស្វ័យការពារ និងសេនាជនជាដើម ដើម្បីចូលរួមអនុវត្តភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅមូលដ្ឋាន។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *