លោក សេង បូលីន អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ថវិកាជូនលោកស្រី សូយ ស៊ីនឿន នៅខេត្តស្វាយរៀង
ស្វាយរៀង ៖ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ លោក សេង បូលីន អគ្គលេខាធិការរងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី សូយ ស៊ីនឿន ដែលបាន និងកំពុងសម្រាកព្យាបាលនៅគ្លីនិករបស់លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង នៅក្រុងស្វាយរៀង។
ក្នុងឱកាសនោះ លោក សេង បូលីន ក៏បាននាំថវិកា ចំនួន ៤០ម៉ឺនរៀល របស់លោក ឃុត រឹម ប្រធានការិយាល័យកិច្ចការងារសង្គម និងមនុស្សធម៌ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រគល់ជូនលោកស្រី សូវ សឿន សម្រាប់ចូលរួមផ្គត់ផ្គង់អាហារប្រចាំថ្ងៃផងដែរ។
បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត រស់ ថុន ស្ថានភាពជម្ងឺទឹកនោមផ្អែម (រហូតដំបៅជើង) របស់លោកស្រី សូយ ស៊ីនឿន បន្ទាប់ពីសម្រាកព្យាបាលរយៈពេលជាង ២០ថ្ងៃមកនេះ មានភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ពិសេសអាចជាសះស្បើយត្រឡប់មកភ្នំពេញវិញក្នុងពេលឆាប់ៗនេះ។
គួររម្លឹកថា លោកស្រី សូវ សឿន ស្នាក់នៅផ្ទះជួល ពីរនាក់ស្វាមី ក្នុងភូមិទួលសង្កែ១ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ សម្រាកនៅលើគ្រែ និងជួបការលំបាកផ្នែកជីវភាព។ ចំណែកឯស្វាមីរបស់លោកស្រី ប្រកបមុខរបរជាអ្នកលក់លៀសអាល។
សូមបញ្ជាក់ដែរថា កន្លែងទៅក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ធ្លាប់បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី មានជាគ្រឿងឧបភោគ-បរិភោគ ថវិកា និងថ្នាំពេទ្យ ប្រគល់ជូនលោកស្រី សូយ ស៊ីនឿន ព្រមទាំងបានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យជំងឺជូនលោកស្រី ដល់ផ្ទះ និងថ្មីៗនេះ បានបញ្ជូនលោកស្រី ទៅទទួលការព្យាបាលជំងឺនៅគ្លីនិករបស់លោកវេជ្ជបណ្ឌិត រស់ ថុន ដោយឥតគិតថ្លៃផងដែរ៕
#dolynews