ខ្លឹមសារសង្ខេបអំពីជំនួបរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាទីស្ដីការក្រសួងមហាផ្ទៃរសៀលថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងជូនចំពោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម សូមប្រកបដោយសេចក្ដីសុខ សុភមង្គល និងជោគជ័យ ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិ និងប្រជាជន ។ ទន្ទឹមនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏សម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីពេលថ្មីៗនេះផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសម និងបានជម្រាបអំពីការផ្ដាំផ្ញើនូវពាក្យពេចន៍ជូនពរជ័យប្រកបដោយអត្ថន័យពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជូនចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ លោកឧត្ដមសេនីយ៍ត្រី ក៏បានជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ បន្ថែមពីនេះ លោកឧត្ដមសេនីយ៍ត្រី បានស្នើសុំការដឹកនាំគាំទ្រពីសំណាក់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាម និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ត្រី ប្រធានស្ថានតំណាង បានថ្លែងអបអរសាទរ និងគោរពជូនពរបវរមហាប្រសើរចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយប្រធានស្ថានតំណាងរូបនេះ សម្ដែងការជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងបន្ថែមទៀត។ ជាកិច្ចបញ្ចប់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជូនពរ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង និងសហការី ប្រកបដោយសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច សម្រាប់អាណត្តិជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕
#dolynews