នៅព្រឹកថ្ងៃទី 19 ខែមករា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព»។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ 1,200នាក់។
នៅព្រឹកនេះ មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនី បុគ្គលិកសាងសង់មន្ទីរពេទ្យនេះ សម្ដេចតេជោបានអញ្ជើញធ្វើដំណើរពិនិត្យមើលពីដំណើរការនៃការសាងសង់មន្ទីរពេទ្យនេះជាពិសេសអញ្ជើញពិនិត្យទៅតាមបន្ទប់នីមួយៗដែលមានបំពាក់នៅគ្រែអ្នកជំងឺនិងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន។
តាមការឲ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថាអគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន11 អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ 7,480 ម៉ែត្រការ៉េ អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន527គ្រែ អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប8,969 គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន46គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន206 គ្រែ អគារបច្ចេកទេស(T1) អគារបច្ចេកទេស (T2) អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ2,835 ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន 234 គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា 7,026ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន 210គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ 4,490 ម៉ែត្រការ៉េ ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC .co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2022 ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនា ឆ្នាំ2023។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានឃើញពីវឌ្ឍនៈភាព នៃការសាងសង់មន្ទីរពេទ្យនេះ ដោយសាងសង់បានលឿនឆាប់រហ័ស និងប្រកបដោយគុណភាព។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ក៏ដូចជាក្រុមហ៊ុនសាងសង់ និង កម្មករ កម្មការិនីទាំងអស់ ដែលបានរួមគ្នាប្រឹងប្រែងសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ឱ្យសម្រេចបានប្រមាណ 80ភាគរយ នាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់នៃជំងឺឆ្លងកូវីដ-19 កាលពីឆ្នាំ2020 និង2021 ទើបជំរុញឱ្យរាជរដ្ឋាភិបាលសម្រេចចិត្តសាងសង់មន្ទីរពេទ្យ «តេជោសន្តិភាព»នេះឡើងសម្តេចតេជោថា សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត1ម៉ឺននាក់។សម្ដេចក៏បានកោតសរសើរអ្នករចនាប្លង់អគារមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ដោយមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដែលផ្ដល់នូវផាសុខភាពសម្រាប់អ្នកជំងឺ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានអនុប្រធានចំនួន5រូប និងសម្រេចឱ្យជ្រើសរើសពេទ្យចំនួន200នាក់បន្ថែមទៀត សម្រាប់បម្រើការងារនៅមន្ទីរពេទ្យ «តេជោសន្តិភាព»។
ជាមួយគ្នានោះ សម្តេចតេជោក៏បានអនុញ្ញាតផ្តល់បុគ្គលិកជាប់កិច្ចសន្យាចំនួន300នាក់ សម្រាប់មន្ទីរពេទ្យជាតិនេះផងដែរ។
នៅថ្ងៃនេះ ពាក់ព័ន្ធទៅនឹងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការព្រមប្រយ័ត្នអំពីគ្រោះថ្នាក់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ចៀសវាងការគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ ជាមួយគ្នានោះ ក្នុងឱកាសដែលមានវិធីសែនព្រេនផ្សេងៗត្រូវប្រយ័ត្នភ្លើងធូប ភ្លើងទៀត ចៀសវាងការឆាបឆេះដោយអគ្គីភ័យ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។
ពាក់ព័ន្ធនឹងបញ្ហានយោបាយ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា សូមកុំចាត់ទុកគ្រប់រឿងរបស់អ្នកនយោបាយ ជារឿងនយោបាយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីព្រមានចាត់វិធានការច្បាប់ រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា។សម្តេចតេជោ បានបញ្ជាក់ទៀតថា សំណុំរឿងលោក ថាច់ សេដ្ឋា មិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅគណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់វិធានការច្បាប់ ដើម្បីការពារភាពស្អាតស្អំ។ សម្តេចក៏បានណែនាំអោយមេធាវីរាជរដ្ឋាភិបាល ពិនិត្យសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សប្រជាជនកម្ពុជាគំរាមកំហែងបក្សខ្លួន ដែលចេញផ្សាយការពារម្សិលមិញនេះ។ សម្តេចតេជោក៏បានហាមជនបរទេសកុំអោយលូកដៃក្នុងបទល្មើសរបស់អ្នកនយោបាយនៅកម្ពុជា ព្រោះប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មិនចំណុះឱ្យប្រទេសណាមួយនោះទេ៕
#dolynews