ថាមែនៗកុំចេះតែហ៊ានមានកាំភ្លើងបាញ់បោះដោយសេរី ពេលនេះត្រូវសមត្ថកិច្ចក្របួចជាប់។
ភ្នំពេញ ៖ បុរសម្នាក់រងរបួសជើងហើយសឹងក្ស័យជីវិតទៀត ភ័យព្រលឹងចុងសក់ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ ផឹកសុីនៅផ្ទះក្បែរនោះ ស្រវឹងស្រាបើករថយន្តកៀរ លុះដល់ពលរដ្ឋអ្នកភូមិឃាត់រថយន្តសាកសួរ ស្រាប់តែដកអាវុធខ្លី បាញ់ផ្ជុចដីប្រឡោះជើង ចំនួន2គ្រាប់ផ្ទួនៗផ្ជុចដី ប្រឡោះជើងជនរងគ្រោះ ធ្វើឲ្យភិតភ័យ ព្រលឹងចុងសក់ លោតជើង2ជើង3 ហើយបើករថយន្តគេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋអ្នកភូមិ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថចុះទៅសាកសួរដល់ទីតាំងខាងលើ កាលពីវេលាម៉ោង2រសៀល ថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ2022នៅតាមផ្លូវលំ ស្របផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់យប់ថ្ងៃដដែល សមត្ថកិច្ចនគរបាលតាមឃាត់ជនសង្ស័យនិងបក្ខពួកម្នាក់ទៀតបាន ។
យ៉ាងណាមិញជនរងគ្រោះមានឈ្មោះ ហយ ហេន ភេទប្រុស អាយុ47ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅកន្លែងកើតហេតុ រងរបួសជើង ។ ចំណែកជនបង្ក ត្រូវបានអ្នកភូមិអះអាងថា ឈ្មោះ ទាក់ ឌី ភេទប្រុសអាយុ30ឆ្នាំជាង អ្នកលក់អចលនទ្រព្យ មានទីលំនៅបុរីឈូកវ៉ា2 ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តមួយគ្រឿងម៉ាកJeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG-004 ក្រោយកើតហេតុ បានបើកគេចខ្លួនទៅបាត់ ។
គួររំលឹកផងដែរថា កន្លងមកគេធ្លាប់ឃើញ ជនបង្កឈ្មោះ ទាក់ ឌី ចេញចូល ផឹកសុីនៅផ្ទះមួយកន្លែង ក្បែរនោះ ហើយពេលដែលស្រវឹងម្តងៗ តែងតែកាន់កាំភ្លើង ច្រងែងច្រងាងស្រែកឡូឡា គំរាមពលរដ្ឋក្នុងភូមិ ធ្វើឲ្យពលរដ្ឋភ័យខ្លាច ។ បើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា កន្លងមកជនបង្កធ្លាប់ផ្ទុះអាវុធ នៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ធី លីហ្សាអាយុ18ឆ្នាំជាសង្សារ ស្លាប់ក្នុងរថយន្ត កាលពីវេលាទៀបភ្លឺថ្ងៃទី16 ខែកញ្ញា ឆ្នាំ2020 ហើយបើករថយន្តចូលទៅសារភាពនៅអាវុធហត្ថស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនមិនបានប៉ុន្មានផង ឃើញនៅក្រៅឃុំ ដើរផឹកសុីអុកឡុក បង្កបញ្ហាតាមភូមិដដែល ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីហៅអ្នកផឹកសុីនៅផ្ទះជាមួយរួចមក រហូតដល់វេលាម៉ោង7យប់ថ្ងៃដដែល កម្លាំងព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ស្រាវជ្រាវទៅតាមចាប់ខ្លួនជនបង្កឈ្មោះ ទាក់ ឌី ដល់ផ្ទះ ដកហូតវត្ថុតាង អាវុធខ្លី រថយន្តម៉ាកJeep នៅបុរីឈូកវ៉ា2 ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួមទាំងឃាត់បក្ខពួកម្នាក់ទៀត ឈ្មោះ កើតសម្ភស្ស ភេទប្រុស អាយុ34ឆ្នាំ មុខរបរមន្ត្រីយោធា អគ្គបញ្ជូនសារ មានទីលំនៅ កន្លែងកើតហេតុ រួចនាំទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
https://www.facebook.com/dolynews