ព័ត៌មានជាតិ

ពិតជាព្រហើនមែន សាងសង់សំណង់រឹងមាំចូលសមុទ្រនៅមុខអាជ្ញាធរហើយ អាជ្ញាធរមិនដឹងទេឬ?

ពិតជាព្រហើនមែន សាងសង់សំណង់រឹងមាំចូលសមុទ្រនៅមុខអាជ្ញាធរហើយ អាជ្ញាធរមិនដឹងទេឬ?

តាមប្រភពពីរប្រជាសហគមន៍នេសាទជាច្រើនគ្រួសារបានកើតទុកមិនសុខ រហូតនាំគ្នាផ្តិតមេដៃលើលិខិតតវ៉ាមួយច្បាប់ សុំអោយអ្នកសារព័ត៌មានយើងជួយចុះផ្សាយដើម្បីឲ្យជ្រាបទៅដល់ស្ថាប័នក្រសួងពាក់ព័ន្ធថ្នាក់ជាតិ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល មេត្តាជួយចុះត្រួតពិនិត្យ លើសកម្មភាពរបស់បុគ្គលមានអំណាច អោយបានទាន់ពេលវេលាផង ។ ព្រោះនៅតំបន់មាត់សមុទ្រ ដែលជាកន្លែងពួកគាត់ធ្លាប់អាស្រយ័ផល នេសាទដាក់លបក្ដាម លបបង្គារ ជារបរប្រចាំថ្ងៃដើម្បីបាន កម្រៃខ្លះៗដោះស្រាយក្នុងកម្រិតជីវភាពក្នុងគ្រួសារ សម្រាប់ចិញ្ចឹមជីវិតរបស់ពួកគាត់ ។

 

ក្រុមប្រជានេសាទបានលើកឡើងទៀតថា កាលពីដើមតំបន់នេះសម្បូរ បង្គារ ក្ដាម ឬមឹកណាស់ មិនដែលខ្វះនោះទេ ដែលអាចឲ្យពួកគាត់រកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសាររ ។ ប៉ុន្តែសព្វថ្ងៃនេះពួកគាត់ជាប្រជានេសាទសមុទ្ររកមិនសូវបានដូចមុននោះទេ ព្រោះបច្ចុប្បន្នកន្លែងដែលពួកគាត់ធ្លាប់ទៅនេសាទនោះ ត្រូវបានបុគ្គលមានលុយមានអំណាច ចាក់ដីលុបនិងសាងសង់សំណង់យ៉ាងរឹងមាំ ដោយគ្មានអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យទាល់តែសោះ។ រីឯកន្លែងខ្លះទៀតដែលជាជម្រករបស់មច្ឆាជាតិគ្រប់ប្រភេទនោះត្រូវគេកាប់ដើមកោងកាង កាប់ដើមស្មាច់ បំផ្លាញខ្ទេចខ្ទី ធ្វើអោយបាត់បង់នៅជម្រកពូជមច្ឆជាតិគ្មានសល់ទៀតផង។

 

ចំណុចនេះប្រជាពលរដ្ឋនៅមូលដ្ឋានបានលួចខ្សឹបប្រាប់ អ្នកសារព័ត៌មានយើងថា អ្នកដែលកំពុងសាងសង់សំណង់ដ៏រឹងមាំ រំលោភច្បាប់ចាក់ដីលុបឆ្នេរសមុទ្រតំបន់ព្រៃកោងកាង ដីព្រៃលិចទឹករបស់រដ្ឋមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងនេះ មិនមែនប្រជាពលរដ្ឋក្រីក្រ ឬអ្នកទន់ខ្សោយនោះទេ គឺសុទ្ធតែជារបស់បុគ្គលមានលុយ មានអំណាច ជារបស់អ្នកធំ ដែលមានងារឯកឧត្តម មានងារជាឧកញ៉ានៅទីក្រុងភ្នំពេញ ។

 

បើតាមប្រភពពីមន្ត្រីមួយរូបដែលសុំមិនបញ្ចេញឈ្មោះនៅតំបន់នោះបានឲ្យដឹងថា បុគ្គលដែលហ៊ានបញ្ជាអោយយកអាចម៍ដីទៅចាក់លុបឆ្នេរសមុទ្រព្រៃកោងកាង និងលុបដីព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋខាងលើមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះ គឺជាឧកញ៉ាដ៏មានឥទ្ធិពលម្នាក់នៅភ្នំពេញ ។ ហើយនៅរាល់ទង្វើរនេះហាក់ផ្ទុយទៅនិងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា ដែលកន្លងមក សម្តេច តេជោ នាយករដ្ឋមន្ត្រីធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា អ្នកដែលទន្រ្ទានដីព្រៃលិចទឹក ដីព្រៃកោងកាងដែលជាជំរករបស់មច្ឆាជាតិទាំងឡាយនៅតំបន់ទន្លេសាប និង នៅតំបន់សមុទ្រ ត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន ។

 

ពាក់ព័ន្ធនឹងការសាងសង់សំណង់រឹងចូលទៅក្នុងមាត់សមុទ្រខាងលើ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង.បានប្រាប់ក្រុមអ្នកយកព័ត៌មានយើងតាមទូរស័ព្ទកាលពីពេលកន្លងទៅថ្មីៗនេះថា បើសួរពីភូមិសាស្ត្របែបនេះខ្ញុំមិនដឹងដែរ សូមលោកទៅសួរស្រុកសិនទៅថាតើមានច្បាប់ដែរឬមិនមានទើបយើងពិភាក្សាគ្នា ។

 

បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះ អ្នកយកព័ត៌មានយើងបាន ខលទូរស័ព្ទទៅកាន់ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកបន្ត តែទូរស័ព្ទខលចូលគ្មានអ្នកលើកទទួលនោះឡើយ ។ ចំណែក លោក ហ៊ិន ឡា នាយផ្នែកជលផលប្រចាំស្រុកស្រែអំបិលនិងស្រុកបុទុមសាគរ អ្នកសារព័ត៌មានយើង ក៏បានទូរសព្ទដើម្បីសុំការពន្យល់ដែរ តែខលចូលមិនលើកទទួលដូចគ្នា ។

 

សូមបញ្ជាក់ផងដែរថា បើយោងតាមលិខិតលេខ 520 ដនស / នក ចុះថ្ងៃទី3 ខែមីនា ឆ្នាំ2022 ចុះហត្ថលេខាដោយឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរុបនីយកម្មនិងសំណង់ បានជំរាបជូនឯកឧត្តមលោកជំទាវ អភិបាលនៃគណអភិបាល រាជធានី ខេត្តក្រុង ដោយក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់មិនមានការអនុញ្ញាតឲ្យការដ្ឋានសំណង់ចាប់ផ្តើមដំណើរការសាងសង់ ឬរុះរើដោយគ្មានប្លង់ស្ថាបត្យកម្មនិងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ បើសកម្មភាពទាំងនេះជាអំពើខុសច្បាប់ដែលអាចបង្កឲ្យប៉ពាល់ដល់បញ្ញត្តិ ពីគម្លាតគុណភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សោភ័ណ្ឌភាពការរស់នៅប្រកបដោយ ចីរភាពនិងអាចបង្កឲ្យមានវិវាទ ។

https://www.facebook.com/dolynews

Leave a Reply

Your email address will not be published. Required fields are marked *