ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 25 ខែសីហា ឆ្នាំ 2022 នេះ ឯកឧត្ដម គង់សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ។

នៅព្រឹកថ្ងៃទី 25 ខែសីហា ឆ្នាំ 2022 នេះ ឯកឧត្ដម គង់សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ។

ខេត្តកណ្តាល: គូសបញ្ជាក់ថា លោក ឃឹម សំភារ ឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ6 ពីអភិបាលរងនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល មកជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ជំនួស លោក នូ សុវណ្ណរ៉ា ឋានន្តរស័កវរមន្រ្តី ថ្នាក់លេខ2 ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្តាល។

ឯកឧត្តមបានផ្តាំផ្ញើដល់លោកអភិបាលក្រុង ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលក្រុងតាខ្មៅទាំងមូល ត្រូវបន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

1.បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយសមធម៌ និងចីរភាព។

2.ត្រូវជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មី ដែលយើងបានធ្វើពិធីប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2020 កន្លងទៅប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ184 អនក្រ.បក ចុះថ្ងៃទី2 ខែធ្នូ ឆ្នាំ2019 ស្តីពីមុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

3.ត្រូវបន្តពង្រឹងនូវរបបប្រជុំឱ្យបានទៀងទាត់ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យ តាមដាន និងធ្វើការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។

 

4.បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ7យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ។

 

5.បន្ដទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញលិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

 

6.បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍3ជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយត្រូវគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។

 

7.បន្តយកចិត្តទុកដាក់អនុវត្តនូវសកម្មភាពនានា ដែលបានកំណត់ នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ 10 ឆ្នាំ ដំណាក់កាលទី2 (2021-2030) ឱ្យសម្រេចបានតាមគោលដៅ សូចនាករ និងលទ្ធផលរំពឹងទុកដែលបានកំណត់។

 

8.បន្តខិតខំប្រមូលផ្តុំព័ត៌មានស្តីពីតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈការរៀបចំធ្វើវេទិកាសាធារណៈ ការចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

 

9.បន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីឱ្យស្របទៅតាមការវិវត្តន៍នៃសភាពការណ៍ប្រទេសជាតិ និងទំហំការងារព្រមទាំងត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់ជាតិ។

 

10.ត្រូវធានាឱ្យបាននូវឯកភាព សាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលក្រុង ជាពិសេសរវាងក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ។

 

11.ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងគ្រប់ប្រភេទ ជាពិសេសគឺ Covid-19 និងជំងឺអុតស្វា(Monkey Pox)។

 

12.បន្តយកចិត្តទុកដាក់លើកកម្ពស់សោភ័ណ្ឌភាពរដ្ឋបាលក្រុង សំណល់រឹង រាវ ដោយត្រូវមានយន្តការច្បាស់លាស់ក្នុងការគ្រប់គ្រង និងអនុវត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *