តើភូមិឃុំមានសុវត្ថិភាពនៅឯណាបើទីតាំង សង្វៀនបញ្ជល់មាន់ និងអាប៉ោង ក្នុងសង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក។
(ភ្នំពេញ) ទីតាំងបញ្ជល់មាន់ និងអាប៉ោងមួយកន្លែង ស្ថិតនៅខាងមុខផ្សារម៉ុងឌីយ៉ាល់ ភូមិ1 សង្កាត់ទឹកល្អក់3 ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ បាននិងកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចហាក់បីដូចជាគ្មានវិធានការបង្ក្រាបទាល់តែសោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះបានរាយការណ៍មកកាន់អ្នកយកព័ត៌មាន យើងជាបន្តបន្ទាប់ថា ទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងមួយកន្លែងនេះ បានបិទឈប់លេងមួយ រយៈហើយ ប៉ុន្តែពេលនេះបានបើកដំណើរការឡើងវិញ ស្របពេលដែលបានប្រភពខ្លះលួចបង្ហើបថាមេល្បែងខាងលើនេះ បានរត់ការជាមួយ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ បើមិនដូច្នោះទេគេក៏មិនអាចបើកលេងបានដោយសេរី បែបនេះបានទេ។
ជាក់ស្ដែងនៅថ្ងៃទី 6 ខែសីហា ឆ្នាំ2022នេះ អ្នកយក ព័ត៌មានយើង បានចុះទៅដល់ទីតាំងខាងលើនេះ ហើយក៏បានឃើញក្រុមអ្នកញៀនល្បែងបញ្ជល់មាន់កំពុងនាំគ្នា ពពាក់ពពួនលេងយ៉ាងសប្បាយរីករាយ ដោយគ្មានការរំខានពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភ ចំពោះសុខសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ដោយហេតុថាល្បែងស៊ីសងគឺជាដើមចមនៃអំពើចោរកម្ម លួច.ឆក់. ប្លន់.គាស់ផ្ទះនិងអំពើហិង្សា ក្នុងគ្រួសារជាដើម។
សូមរំលឹកថាកន្លងទៅ ឯកឧត្តមឃួងស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ តែងតែក្រើនរំលឹកដល់អាជ្ញាធរខ័ណ្ឌទាំង14 នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមានវិធានការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ កុំឲ្យកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ទន្ទឹមនិងនោះដែរមជ្ឈដ្ឋានប្រជាពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរខ័ណ្ឌទួលគោកអាចប្រើកណ្តាប់ដៃដែកបំបែកសម្បុកល្បែងបញ្ជល់មាន់នៅខាងមុខ ផ្សារម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ទឹកល្អក់3បានដែររឺយ៉ាងណា ដើម្បីកុំឲ្យមានពាក្យចចាមអារាមរិះគន់ថាបើអាជ្ញាធរមិនមានជាប់ពាក់ព័ន្ធជាមួយមេល្បែងនេះទេគេក៏មិនអាចបើកលេងបានយ៉ាងរលូនបែបនេះដែរ។