នៅព្រឹក ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី5 ខែមិថុនា ឆ្នាំ2022 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី5 ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង 7ព្រឹក រហូតដល់ម៉ោង 3រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី5នេះ មានគណបក្សនយោបាយចំនួន17 បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប 86,092នាក់ ស្ត្រី 27,813 នាក់។
ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី5នេះ មានចំនួន1,652 ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន 11,622រូប។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី5នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន 23,602 ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន 9,205,681នាក់ ស្មើនឹង 87,94 ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន4,904,832នាក់។
ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសរុបជាង 7,000នាក់ មកពី 76ស្ថាប័ន បានចុះឈ្មោះចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ៕