វ៉ាក់សាំងជំនួយរបស់មិត្តចិន5លានដូសបានដឹកមកដល់ប្រទេសកម្ពុជាហើយ
នៅព្រឹកថ្ងៃទី29 ខែមីនា ឆ្នាំ2022 នេះ វ៉ាក់សាំងចំនួន 5លានដូស ជាចំនួនវ៉ាក់សាំងក្នុងចំណោមវ៉ាក់សាំង 20លានដូស ដែលឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី18 ខែមីនា កន្លងទៅនេះ បានដឹកមកដល់ប្រទេសកម្ពុជាហើយនាព្រឹកនេះ។
ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ19 ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន 60ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2021។
ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិន បានផ្តល់ជំនួយជាបន្តបន្ទាប់ផងដែរ។ មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប 28,724,800ដូសក្នុងនោះ 20លានដូស ជាជំនួយថ្មី។
មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី 3ឆ្នាំឡើង បានរហូតដល់ជាង 92ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19នេះ ដោយកម្ពុជាបានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន។
កម្ពុជាក៏សូមថ្លែងអំណរគុណដល់បណ្ដាប្រទេសទាំងអស់ដែលផ្ដល់បានផ្តល់វ៉ាក់សាំងកូវីដ19 មកកម្ពុជាទាំងតាមគម្រោងមជ្ឈមណ្ឌលកូវ៉ាក់ និងតាមរយៈទ្វេភាគី។ តាមរយៈជំនួយវ៉ាក់សាំងទាំងអស់បានរួមចំណែកសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត19 និងឈានទៅដល់ការបើកដំណើរការប្រទេសជាតិឡើងវិញ ក្នុងប្រក្រតីភាពថ្មី៕