នៅពេលនេះរដ្ឋបាលខេត្ត ព្រះសីហនុ បានបិទផ្សាលើទាំងមូលហើយ ចាប់ពីម៉ោង 15: 00 នាទី រសៀលថ្ងៃទី 16 ដល់ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 នេះ។
សូមជម្រាបជូនថា ដោយរកឃើញអាជីវករផ្សារលើមានវិជ្ជមានជំងឺកូវីដ-19 កើនឡើងជាបន្តបន្ទាប់រួចមក រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល14ថ្ងៃ និងបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងលាងសម្អាតផ្សារលើទាំងមូលហើយ បងប្អូនប្រជាពលរដ្ឋអាចទៅទិញទំនិញ នៅទីផ្សារផ្សេងទៀត ជាបណ្តោះអាសន្នសិន ដោយឡែកចំពោះការលក់គ្រឿងឧបភោគ និងបរិភោគនៅក្នុងផ្សារលើ នឹងដាក់ឱ្យដំណើរការឡើងវិញក្រោយបិទរយៈពេល3ថ្ងៃ ដោយអនុញ្ញាតចំពោះតែអាជីវករ ដែលមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-19 លើកទី1ពីមន្ទីរសុខាភិបាលខេត្ត។
ហើយរដ្ឋបាលខេត្ត នឹងចាត់ឱ្យមន្ទីរពាណិជ្ជកម្មចុះទៅអង្កេត តាមដាន នូវតម្លៃទំនិញគ្រប់ប្រភេទដែលបានដាក់លក់ លើទីផ្សារ ក្នុងខេត្តព្រះសីហនុ ក្នុងករណីរកឃើញថា មានអាជីវករណាធ្វើការតម្លើងថ្លៃទំនិញ ខុសប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការដាក់ពិន័យរដ្ឋបាលយ៉ាងតឹងរឹងបំផុត ហើយបើការតម្លើងថ្លៃនេះ បង្កចលាចលក្នុងសង្គម អាជីវករនោះនឹងប្រឈមមុខផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕