នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តម ណុប តារាអភិបាលរងខេត្តកណ្ដាល បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា សម្របសម្រួលលើសំណើរសុំ សម្រេចការស្នើសុំសេវា ពិនិត្យរៀបចំ និងដំណើរការឯកសារផ្ដល់អាជ្ញាប័ណ្ឌ សិប្បកម្មធនធានរ៉ែ សម្រាប់អាជីវកម្ម ជីកយកអាចម៍ដី ដីក្រហម ខ្សាច់ឫគ្រួស។
ឯកឧត្តម ណុប ដារ៉ា បានអោយក្រុមការងារជំនាញពិនិត្យមើលគ្រប់អាជ្ញាប័ណ្ណ អាជីវកម្មទាំងអស់ ដោយសារម្ចាស់អាជីវកម្មខ្លះ បានផុតអាជ្ញាប័ណ្ណធ្វើអាជីវកម្ម និងការជីកហួសទំហំ ដែលបានសុំអាជ្ញាប័ណ្ណអាជីវកម្ម ហើយនៅតែបន្តការជីកអាចម៍ដីបន្តទៀត ស្ថិតក្នុងភូមិរកា ឃុំក្រាំងលាវ ស្រុកស្អាង និងភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដែលជាបញ្ហាធើ្វអោយប៉ះពាល់ដល់ប្រជាពលរដ្ឋនៅជិតតំបន់ដែលធើ្វអាជីវកម្មនោះ ។
ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្ត បន្តថា ចំពោះទំហំដែលរដ្ឋបាលខេត្តបានផ្ដល់អាជ្ញាប័ណ្ណអាជីវកម្ម គឺមានទំហំ ក្រោម1ហិចតា នឹងទំហំលើសពី1ហិចតា គឺក្រសួងជាអ្នកចេញអាជ្ញាប័ណ្ណអាជីវកម្ម ជូនម្ចាស់អាជីវកម្មនោះ ហើយម្ចាស់អាជ្ញាប័ណ្ណអាជីវកម្មទាំងនោះ ត្រូវតែបង់សួយសាអាករណ៍ជូនដល់រាជរដ្ឋាភិបាល តាមទំហំ និងអាជ្ញាប័ណ្ណអាជីវកម្មនោះ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះម្ចាស់អាជ្ញាប័ណ្ណអាជីវកម្មទាំងអស់ ត្រូវគោរពតាមបចេ្ចកទេស និងគោលការណ៍ដែលច្បាប់បានកំណត់ ចំពោះបញ្ហាដែលម្ចាស់អាជ្ញាប័ណ្ណអាជីវកម្ម ដែលមិនគោរពតាមគោលការណ៍ និងច្បាប់ដែលបានកំណត់ គឺត្រូវទទួលទោសតាមច្បាប់ ។