នៅព្រឹកថ្ងៃទី 2 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត កណ្ដាល និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមជាមួយប្រតិភូសាខា អញ្ជើញចុះសួរសុខទុក្ខ សិស្សានុសិស្ស កុមារា កុមារី និងជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។
ឯកឧត្តមបន្តថា អនុវត្តតាមគោលនយោបាយ និងបេសកម្មការងារមនុស្សធម៌របស់កាក បាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
ឯកឧត្តមបន្ថែមថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសមុនចូលឆ្នាំ និងមុនបុណ្យភ្ជុំបិណ្ឌ សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែបានផ្តល់នូវអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ហើយនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយក អំណោយមនុស្សធម៌ រួមមាន អង្ករ 2តោន មី 20កេស ត្រីខកំប៉ុង 5កេស ប្រេងឆា 5កេស ទឹកត្រី 5យូរ ទឹកស៊ីអ៊ីវ 5យូរ ទឹកសុទ្ធចំណុះ 20លីត្រ 20ដបធំ ទឹកក្រូច 5កេស អាល់កុល1កាន ម៉ាស់ 1កេសធំ និងថវិកា 5លានរៀលផងដែរ។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរស្រុកកណ្តាលស្ទឹង និងប្រជាពលរដ្ឋទាំងអស់ សូមកុំមានការធ្វេសប្រហែស ជាមួយជំងឺកូវីដ19 ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន (3ការពារ និង3កុំ ) សំដៅរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ដើម្បីឈានដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍20កុម្ភៈ ឱ្យបាននាពេលខាងមុខផងដែរ។