វ៉ាក់សាំងកូវីដ19 ចំនួន3លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ។
នៅព្រឹកថ្ងៃសុក្រ ទី24 ខែកញ្ញា ឆ្នាំ2021នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ19 ( ស៊ីណូវ៉ាក់ ) (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន 3លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ 6ឆ្នាំ ទៅ12ឆ្នាំ។ នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ 3លានដូសបន្ថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ19នេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។
លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ19 នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ19។