វ៉ាក់សាំង AstraZeneca ជំនួយរបស់ជប៉ុនចំនួន668,000ដូសទៀត បានដឹកមកដល់កម្ពុជាហើយ។
វ៉ាក់សាំងបង្ការជំងឺកូវីដ19 AstraZeneca ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន 668,000ដូសទៀត បានដឹកមកដល់កម្ពុជា នៅយប់ថ្ងៃទី6 ខែកក្កដា ឆ្នាំ2021នេះ រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន 1លានដូសដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ19ដែលរាតត្បាតនៅកម្ពុជា។
វ៉ាក់សាំងដែលដឹកមកយប់នេះ ជាជើងលើកទី2 និងជាចំនួនបង្គ្រប់ចំនួន 1លានដូស ខណៈជើងទី1 បានដឹកមកដល់កាលពីថ្ងៃទី23 ខែកក្កដា ក្នុងចំនួន 332,000ដូស ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ19 ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន 1លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ19 នៅកម្ពុជានាពេលបច្ចុប្បន្ន ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ19 ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ពិតជាទទួលបានភាពកក់ក្តៅ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ និងជ្រោមជ្រែងដល់កម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះឱ្យខានតែបាន តាមរយៈការផ្តល់ជាជំនួយឧបករណ៍បរិក្ខារសុខាភិបាល និងហិរញ្ញប្បទាន ជាបន្តបន្ទាប់នាពេលកន្លងមក៕