ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ19 ដែលជាជំនួយរបស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជាហើយ។

វ៉ាក់សាំងកូវីដ19 ដែលជាជំនួយរបស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជាហើយ។

វ៉ាក់សាំងកូវីដ19 Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2021នេះ។

តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន 1លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន 50ម៉ឺនដូស ដោយឡែកចំនួន 50ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី2 ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង 17លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ19នៅកម្ពុជា មានប្រទេសជាមិត្តចំនួន4ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង 2លានដូស ជប៉ុន 1លានដូស អាមេរិក 1លានដូស និងអង់គ្លេស 41ម៉ឺន 5ពាន់ដូស៕

Leave a Reply

Your email address will not be published. Required fields are marked *