ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាល ចំនួន5ប្រធានបទ ពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃជូនដល់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធ អនឡាញ (Zoom)។
នៅព្រឹកថ្ងៃទី 27 ខែកក្កដាឆ្នាំ 2021 នេះ ឯកឧត្តម គង់សោភ័ណ្ឌ ធ្វើសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះមាន គោលបំណងគឺដើម្បីឱ្យអ្នកអនុវត្តផ្ទាល់កាន់តែយល់ដឹងបានច្បាស់ នៅខ្លឹមសារសំខាន់ៗ និងដំណើរការនៃការអនុវត្តការងារនីមួយៗ លើប្រធានបទចំនួន 5 រួមមាន :
1- ការផ្សព្វផ្សាយប្រកាសលេខ3840ប្រ.ក ចុះថ្ងៃទី22 ខែកញ្ញា ឆ្នាំ2020 របស់ក្រសួងមហាផ្ទៃ «ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការទទួលលបន្ទុកកិច្ចការនារីនិងកុមារឃុំសង្កាត់» និងការផ្សព្វផ្សាយ «សៀវភៅណែនាំស្តីពីកិច្ចការពារកុមារ នៅឃុំសង្កាត់» ព្រមទាំងការផ្សព្វផ្សាយសេចក្តីណែនាំលេខ 055 ស.ណ.ន ចុះថ្ងៃទី24 ខែធ្នូ ឆ្នាំ2020 របស់ក្រសួងមហាផ្ទៃ «ស្តីពីការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ របស់រដ្ឋបាលឃុំសង្កាត់»។
2- ផ្សព្វផ្សាយលិខិតលេខ0149 ផក.ប្រក ចុះថ្ងៃទី7 ខែតុលា ឆ្នាំ2020 ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ «ស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងការកសាងកម្មវិធីវិនិយោគ3ឆ្នាំ រំកិល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់»។
3- វគ្គបណ្តុះបណ្តាល«ស្តីពីការបញ្ចូលប្រព័ន្ធទិន្ន័យនៃការអនុវត្តគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ» ដោយកន្លងមក គឺទីចាត់ផែនការនិងវិនិយោគខេត្ត ជាអ្នកបញ្ចូលទិន្នន័យជូន តែបច្ចុប្បន្នត្រូវអនុវត្តដោយរដ្ឋបាលសាម៉ី។
4- វគ្គបណ្តុះបណ្តាល «ស្តីពីកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ» ការងារថ្មី អនុវត្តសាកល្បងចំនួន7 រាជធានី ខេត្ត គោលដៅ (ភ្នំពេញ កណ្តាល សៀមរាប បាត់ដំបង ព្រះសីហនុ រតនគិរី និងក្រចេះ) ទៅលើរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។
5- វគ្គបណ្តុះបណ្តាល «ស្តីពីការអនុវត្តការងារសេវាសង្គមនៅថ្នាក់ក្រុងស្រុក និងឃុំសង្កាត់»៕