វ៉ាក់សាំងការពារជំងឺកូវីដ19 ស៊ីណូហ្វាម (Sinopharm Vaccine) 1លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី22ខែកក្កដា ឆ្នាំ2021នេះ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន 1លានដូសបន្ថែមទៀត ដែល ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជាយើងទៀតហើយ។
វ៉ាក់សាំង ពិតជាមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ19 រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 តាមរយៈផែនការយុទ្ធសាស្ត្រនេះ កម្ពុជាបានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយមកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង16លានដូសហើយ នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង 4លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។
វ៉ាក់សាំង ដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន 20លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ 10លាននាក់ គិតត្រឹមថ្ងៃទី20 ខែកក្កដា កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង 6លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា 63.34% ធៀបនឹងគោលដៅចំនួន 10លាននាក់៕