ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងផ្ដល់ការណែនាំទៅកាន់សិក្ខាកាមមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងសិក្សានៅភាគខាងត្បូង នៃប្រទេសវៀតណាម

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងផ្ដល់ការណែនាំទៅកាន់សិក្ខាកាមមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងសិក្សានៅភាគខាងត្បូង នៃប្រទេសវៀតណាម


ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម ដែលមាននៅភាគខាងត្បូងប្រទេស។ ពិធីសំណេះសំណាលបានប្រព្រឹត្តទៅនៅបរិវេណមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងមហាផ្ទៃ និងសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃជាង២០០នាក់។

លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និងលើកទឹកចិត្តមន្ត្រីសិក្ខាកាម ដោយបានមានប្រសាសន៍ថា សិក្ខាកាមត្រូវតែមានមោទនភាពចំពោះអង្គភាព និងក្រុមគ្រួសារ ដែលបង្កលក្ខណៈ និងគាំទ្រឱ្យបានមកទទួលការបណ្តុះបណ្តាល នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីយកចំណេះជំនាញ បទពិសោធយកទៅបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ក៏ដូចជាមនុស្សជាតិ។

បើតាមលោក រ៉េន រតនៈ ឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថា ការមកសិក្សានៅក្រៅប្រទេស មិនថានៅប្រទេសវៀតណាម ឬប្រទេសណាទេ ជាផ្នែកមួយនៃការពង្រឹងធនធានមនុស្សរបស់រាជរដ្ឋាភិបាល និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងការធានាគុណភាពធនធានមនុស្សក្នុងជួរកងកម្លាំងឱ្យកាន់តែមានសមត្ថភាព ចំណេះជំនាញ និងបទពិសោធ ដូចដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះក៏មានមុំពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស។

អ្នកនាំពាក្យបន្តថា ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានលើកឡើងអំពីសារៈសំខាន់នៃការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពចំណេះជំនាញ ដោយសារតែបច្ចុប្បន្នពិភពលោកមានការប្រឈមមុខស្មុគស្មាញ។ ឯកឧត្តមបានរំលឹកជាថ្មីទៀត ឱ្យកងកម្លាំងជាសិក្ខាកាមទាំងអស់ក្នុងឱកាសនៃការសិក្សារៀនសូត្រនៅប្រទេសវៀតណាម ក៏ដូចជាការចេញទៅបំពេញការងារតាមអង្គភាព សូមបន្តការគោរពនូវវិន័យ សេចក្ដីថ្លៃថ្នូរ មានវិជ្ជាជីវៈ និងត្រូវធ្វើខ្លួនជានគរបាលដែលផ្តល់ភាពកក់ក្តៅ ជាទីពឹងពំនាក់សម្រាប់ប្រជាពលរដ្ឋ។

បើតាមអ្នកនាំពាក្យដដែល ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តកងកម្លាំងសិក្ខាកាមទាំងអស់ កុំឱ្យមានការបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ស្របច្បាប់ក្នុងនាមជាមន្ត្រី រួមទាំងអតីតភាពការងាររបស់ខ្លួន និងការលើកទឹកចិត្តនានា ពីព្រោះថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ និងបានណែនាំឱ្យគ្រប់អង្គភាពត្រៀមលក្ខណៈ ផ្តល់ការលើកទឹកចិត្ត រួមទាំងការរក្សាអតីតភាពនៃការរៀនសូត្រសម្រាប់ការស្នើដំឡើងស័ក្ដិតាមតួនាទី។

ក្នុងឱកាសនោះដែរ តំណាងសិក្ខាកាមក៏បានឡើងប្ដេជ្ញាចិត្ត និងថ្លែងអំណរគុណ ដោយចាត់ទុកវត្តមាន ឯកឧត្តមអភិបណ្ឌិត និងគណៈប្រតិភូ នាឱកាសនោះថា ជាការផ្ដល់នូវភាពកក់ក្តៅដល់ពួកគេដែលកំពុងសិក្សារៀនសូត្រនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ តាមលោក រ៉េន រតនៈ តំណាងសិក្ខាកាមបានប្ដេជ្ញាចិត្ត ការពារឱ្យបានជាដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ គាំទ្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ខិតខំសិក្សារៀនសូត្រ និងយកចំណេះជំនាញទៅបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាពិសេសធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រោមម្លប់និងមនុញ្ញផលនៃសុខសន្តិភាព។

សូមបញ្ជាក់ថា នៅចុងបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់សិក្ខាកាមទាំង២៥៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៣០០ដុល្លារ និងបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយសិក្ខាកាមប្រកបដោយក្ដីសោមនស្សរីករាយ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *