កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ស៊ីណូវ៉ាក់ ចំនួន 50មុឺនដូស បន្ថែមទៀត ដែលនឹងដឹកមកដល់ នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2021 ខាងមុខនេះ។
យោងតាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2021ខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-19 សុីណូវ៉ាក់ ចំនួន 50មុឺនដូស ក្នុងចំណោម 4លាន 5សែនដូស ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត។
បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ក្នុងសារសំឡេងពិសេសកាលពីថ្ងៃទី 29 ខែឧសភា ឆ្នាំ 2021កន្លងទៅនេះ ក្នុងនោះសម្តេចតេជោបានមានប្រសាសន៍ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ 4លាន 5សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ 2021 ហើយនិងមកជាបន្តបន្ទាប់ទៀត។
សម្តេចតេជោ បញ្ជាក់ទៀតថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង 5លាន ទៅ 6លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម 10លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង 10លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2021នេះ នៅទូទាំងប្រទេសបងប្អូនប្រជាពលរដ្ឋកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19សរុបបានចំនួន 2.735.199នាក់ ហើយ ស្មើនឹង 27.35ភាគរយ ក្នុងគោលដៅ ចំនួន 10លាននាក់។
សូមបញ្ជាក់ថា វ៉ាក់សាំង ចិន សុីណូវ៉ាក់ ត្រូវបានអនុម័តឱ្យប្រើផ្លូវការរួចហើយ ដោយអង្គការសុខភាពពិភពលោក ជាងនេះទៀត ប្រទេសចិនបានសម្រេចអោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech បង្ការកូវីដ19 លើមនុស្សចាប់ពី 3ឆ្នាំដល់ 17 ឆ្នាំហើយ ទន្ទឹមនេះ សាធារណរដ្ឋប្រជាមានិតចិន ក្នុងដើមខែមិថុនា ឆ្នាំ 2021នេះ បានចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនបានប្រហែល 724 លានដូសហើយ តែនេះសម្រាប់តែអ្នកដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅតែប៉ុណ្ណោះ។ ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា