ឯកឧត្តមបណ្ឌិត ថោង ខុន ប្រជុំ CAMSOC បន្តពិភាក្សាផែនការលម្អិតត្រៀមចូលរួម ស៊ីហ្គេម នៅវៀតណាម!
គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី32 ឆ្នាំ2023 ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន បានបន្តពិភាក្សា លម្អិតបន្ថែម ជាមួយគណៈកម្មការជំនាញរបស់ខ្លួន និងសហព័ន្ធកីឡាជាតិនានា ស្តីពីត្រៀម លក្ខណៈចូលរួមប្រកួត ស៊ីហ្គេម លើកទី31 ឆ្នាំ2021នៅវៀតណាម និងត្រៀមរៀបចំ ប្រតិភូជាន់ខ្ពស់ សម្តែងការស្វាគមន៍ ការទទួលសិទ្ធិ និងទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាម បន្តមកម្ចាស់ផ្ទះ ស៊ីហ្គេមកម្ពុជា ឆ្នាំ2023។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ប្រចាំសប្តាហ៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា យោងតាមផែនការ យុទ្ធសាស្ត្ររបស់ CAMSOC តាមអនុសាសន៍ ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែជំរុញឱ្យគណៈអចិន្ត្រៃយ៍ បន្តយកចិត្តទុកដាក់លើ ការត្រួតពិនិត្យ តាមដាន កិច្ចការនានា ត្រៀមចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី31ឆ្នាំ2021 នៅប្រទេសវៀតណាម និងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី32 និងការប្រកួត កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី13 ឆ្នាំ2023 ដូច្នេះហើយជារៀងរាល់សប្តាហ៍ គណៈអចិន្ត្រៃយ៍ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តកិច្ចការទាំងអស់នេះជាបន្តបន្ទាប់យ៉ាងយកចិត្តទុកដាក់។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈ សំខាន់ៗចំនួនពីរ គឺ 1-ការរៀបចំ ផែនការលើផ្នែកបច្ចេកទេស កីឡាករ កីឡាការិនី ប្រតិភូកីឡា ដើម្បីត្រៀមចូលរួម ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ពីថ្ងៃទី21ខែវិច្ឆិកា-2ខែធ្នូ ឆ្នាំ2021
2-ការត្រៀម ប្រតិភូជាន់ខ្ពស់ ជាមួយក្រុមសិល្បៈសម្តែងស្វាគមន៍ប្រតិភូស៊ីហ្គេម ឆ្ពោះមក ស៊ីហ្គេម នៅកម្ពុជា លើកទី32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី13 ឆ្នាំ2023 ដែលជាពិធីផ្ទេរតំណែង-ពិធីប្រគល់ទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាមមកស៊ីហ្គេម នៅកម្ពុជា (នៅក្នុងពិធីបិទការប្រកួត ថ្ងៃទី2 ខែធ្នូ ឆ្នាំ2021)។
ឯកឧត្តម អគ្គលេខាធិការ វ៉ាត់ ចំរើន បន្ថែមទៀតថា ក្នុងពេលជាមួយគ្នានេះដែរ គឺ CAMSOC ក៏បានជម្រាប ជូនពីកម្មវិធីនៅក្នុងពីធីបិទ ការប្រកួតជាផ្លូវការ ដែលកម្ពុជា នឹងទទួលទង់ស៊ីហ្គេម ព្រមជាមួយ នឹងការទទួលការស្វាគមន៍ តាមរយៈការសម្តែងផែន ទស្សនីយភាពសិល្បៈរួមមួយក្នុងរយៈពេល10នាទី ដែលបង្ហាញពីភាពទាក់ទាញ នៃសក្តានុពលសិល្បៈ-វប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ និងសក្តានុពលវិស័យកីឡា របស់កម្ពុជា នៅក្នុងពិធីបិទការប្រកួតនោះ។
«នៅក្នុងការសម្តែងនោះ កម្ពុជា នឹងបង្ហាញពីភាពលេចធ្លោ ភាពអស្ចារ្យ នៃអរិយធម៌ខ្មែរ សេដ្ឋកិច្ច សង្គម ភាពជឿនលឿន រាជធានី សន្តិភាពនៃប្រទេស របស់យើង ក៏នឹងត្រូវបញ្ចូល នៅក្នុងពិធីសម្តែងជាផ្លូវការនោះ ដែលជា
សញ្ញាណ បើកការស្វាគមន៍ យ៉ាងកក់ក្តៅឆ្ពោះមកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ2023 នៅកម្ពុជា ដើម្បីឱ្យបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ ផ្តល់ការគាំទ្រធ្វើឱ្យដំណើរ ការទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម របស់ព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងផងដែរ»៕