(ហៅនាយក្រិន) លោក ទេស សុជុន តារាកំប្លែងមានជំងឺនិងចិញ្ចឹមកូនតូច3នាក់ ទទួលបានអំណោយឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
នៅថ្ងៃអង្គារ ទី 24 ខែឧសភា ឆ្នាំ2021នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និង សហការីជួបសំណេះសំណាលសួរសុខទុក្ខ សាកសួរពីស្ថានភាពរស់នៅ សុខភាព និងឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាកផ្នែកជីវភាពដល់ លោក ទេស សុជុន (ហៅនាយក្រិន) អាយុ 42ឆ្នាំ ជាតារាកំប្លែងមានមាឌតូចល្អិត កំពុងមានជំងឺប្រចាំកាយ និងមានកូនតូចប្រុសស្រីចំនួន 3នាក់ ក្នុងបន្ទុក កំពុងស្នាក់នៅជាមួយក្រុមគ្រួសារស្ថិតនៅភូមិស្លាក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់ លោក ទេស សុជុន (ហៅនាយក្រិន) សូមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីជីវភាពគ្រួសារ និងត្រូវថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលដោយអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ 19 ដូចខាងក្រោម ( 3ការពារនឹង3កុំ ) លោក ទេស សុជុន (ហៅនាយក្រិន) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយគិតគូរ ជាពិសេសការលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូន លោក ទេស សុជុន (ហៅនាយក្រិន)រួមមាន អង្ករ 100គីឡូក្រាម ទឹកបរិសុទ្ធវីឃែរ ចំនួន 10កេស នំធុង 3ធុង និងថវិកា 5លានរៀល ក្នុងនោះឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខាបានឧត្តម្ថបន្ថែមជូនលោកពុកបង្កើតនាយក្រិន និងកូនៗថវិកាមួយចំនួនផងដែរ ៕