ព័ត៌មានជាតិ

បញ្ចប់បេសកកម្មនៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល

បញ្ចប់បេសកកម្មនៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល


បន្ទាប់ពីបញ្ចប់បេសកកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារហ្វឹកហាត់ និងសម្ពោធសមិទ្ធផលនានារបស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីគោលការណ៍នៃការពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌនគរបាលជាតិ ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ផ្ដល់ការលើកទឹកចិត្តគាំទ្របង្កលក្ខណៈងាយស្រួលដល់កងកម្លាំងនគរបាល ដែលបានទទួលការអប់រំ បណ្តុះបណ្តាល ទាំងក្នុងនិងក្រៅប្រទេស ឱ្យបានទទួលតួនាទី និងមុខតំណែងស័ក្តិសមនឹងសមត្ថភាព ដើម្បីផ្តល់ការលើកទឹកចិត្តដល់ពួកគេ ដែលបានចំណាយពេលវេលាចាកឆ្ងាយពីគ្រួសារ និងខិតខំសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់អង្គភាពទាំងអស់ ត្រូវជ្រើសរើសឱ្យបានស័ក្តិសមសម្រាប់មន្ត្រីដែលត្រូវទៅទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ជៀសវាងមន្ត្រីដែលទៅដល់មិនគោរពវិន័យបានល្អ ឬទៅដល់មានបញ្ហាសុខភាព កាយសម្បទាមិនមាំទាំ ដែលមិនសាកសមសម្រាប់ការសិក្សារៀនសូត្រ និងហ្វឹកហាត់។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ការណែនាំថា ជាចាំបាច់ទន្ទឹមនឹងការខិតខំសិក្សារៀនសូត្រ គឺមន្ត្រីដែលទៅទទួលការបណ្ដុះបណ្ដាល ត្រូវតែខំគោរពឱ្យបាននូវវិន័យ ហើយព្យាយាមបង្កើតនូវទំនាក់ទំនងឱ្យបានល្អ ជាមួយនឹងមន្ត្រីដែលជាសិក្ខាកាមដូចគ្នា ក្នុងន័យផ្លាស់ប្តូរបទពិសោធ ចំណេះជំនាញ និងមានទំនាក់ទំនងល្អក្នុងការងារ។

ពីវេទិកាធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់ការណែនាំដល់នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក៏ដូចគ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវតែបន្តតម្កល់ជាអាទិភាពលើការងារគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងបង្កលក្ខណៈដល់បរិយាកាសនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងអំពីសារៈសំខាន់ដែលអគ្គនាយកដ្ឋានធនធានមនុស្ស និងបណ្ឌិតសភានគរបាលកម្ពុជា សហការសម្របសម្រួលបើកវគ្គបំប៉នខ្លីៗ ពង្រឹងជំនាញដល់មន្ត្រី ដែលកំពុងកាន់មុខតំណែង និងអនុវត្តតួនាទីរបស់ខ្លួន ក្នុងន័យដើម្បីឱ្យកាន់តែមានសមត្ថភាព និងច្បាស់លាស់ក្នុងការអនុវត្តការងារ។

នាឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងការអបអរចំពោះសមិទ្ធផលក្នុងខេត្តស្វាយរៀង ជារួម ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះសមិទ្ធផលក្នុងក្របខ័ណ្ឌស្នងការដ្ឋាននគរបាលខេត្ត ដែលសម្ពោធនាថ្ងៃនេះ ក៏ជាផ្នែកមួយដែលបញ្ជាក់អំពីការរីកចម្រើននៅក្នុងខេត្តស្វាយរៀង ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកាជូនស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាររៀង ដែលបានចូលនិវត្តន៍ចំនួន ២រូប រួមមាន ៖ លោកឧត្តមសេនីយ៍ត្រី កុយ សុភា ចំនួន ៤លានរៀល និងលោកស្រីឧត្តមសេនីយ៍ត្រី កែវ សាក់ ចំនួន ៤លានរៀល។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិការជូនក្រុមកីឡាករ ចំនួន ៣ក្រុម រួមមាន៖ ក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២លានរៀល ក្រុមកីឡាបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ២លានរៀល និងក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន ២លានរៀលផងដែរ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *