ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតវៀតណាម ផ្លាស់ប្ដូរយោបល់គ្នាអំពីទំនាក់ទំនងទ្វេភាគី
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុដើម្បីប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមកកាន់មុខតំណែងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។
ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានផ្តល់កិច្ចសហការជាមួយស្ថានទូតវៀតណាម ប្រចាំកម្ពុជា ក្នុងបុព្វហេតុរួម រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកន្លងមក។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្ដែងការស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី។
ឯកឧត្តម ង្វៀន មិញវូ បានថ្លែងអំណរគុណ និងជូនពរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
#dolynews