អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា!
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ ជាថ្ងៃខួបលើកទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ( ៧ មករា ១៩៧៩ – ៧ មករា ២០២៥) ដែលប្រជាជនកម្ពុជាទូទាំងប្រទេស និងក្រៅប្រទេស នាំគ្នាប្រារព្ធពិធីរម្លឹកខួបនិងអបអរសាទរយ៉ាងខ្ញៀវខ្ញា ចំពោះទិវាប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបាន របស់កម្ពុជា។
ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ ដោយសារការលះបង់សាច់ស្រស់ឈាមស្រស់ តស៊ូរំដោះជាតិរបស់សម្តេចទាំងបី គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ដោយផ្តើមចេញពីថ្ងៃ ២ ធ្នូ ១៩៧៨។
ថ្ងៃ ២ ធ្នូ ១៩៧៨ ឥស្សរជនខ្មែរ ទាំង ៣ក្រុម ដែលដឹកនាំដោយសម្តេចទាំងបី ដោយមើលឃើញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ត្រូវបង្ខំឱ្យធ្វើការលើសកម្លាំង បង្អត់បាយ បំបាត់សាសនា គ្មានសាលារៀន ពិសេសកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃពីរបបប្រល័យពូជសាសន៍ ឥស្សរជនខ្មែរទាំង ៣ក្រុម បានសម្រេចចិត្តចូលព្រៃតស៊ូ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិទាំងមូល។
ការតស៊ូដោយយកសាច់ស្រស់ ឈាមស្រស់ ជាដើមទុនរបស់សម្តេចទាំងបី និងឥស្សរជនខ្មែរ ទីបំផុតទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ នាថ្ងៃ ៧ មករា ១៩៧៩។
ក្រោយថ្ងៃរំដោះ ៧ មករា ៧៩ កម្ពុជា ត្រូវខ្ទេចខ្ទីគ្មានសល់ ហេដ្ឋារចនាសម្ព័ន្ធនានាស្ទើក្លាយជាផេះ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបី ជាប្រមុខ ដោយផ្តើមពីបាតដៃទទេ បានកសាងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើន និងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃ ព្រមទាំងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាជន និងជាតិមាតុភូមិនៃយើង។
គុណបំណាច់ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិតជាមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដែលត្រូវចងចាំក្នុងក្រអៅបេះដូងជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងនាមកូនខ្មែរជំនាន់ក្រោយមួយរូប សូមអបអរសាទរ និងចងចាំជានិច្ចចំពោះគុណបំណាច់នៃការលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុតស៊ូរំដោះជាតិមាតុភូមិ របស់សម្តេចទាំងបី ព្រមទាំងឥស្សរជនស្នេហាជាតិទាំងអស់ ពិសេសគណបក្សប្រជាជនកម្ពុជា និងសូមប្តេជ្ញាថែរក្សា ការពារស្មារតី ៧ មករា ជាអមតៈ៕
#dolynews