ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ នេះ។
ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ៥៨២គណនី ដែលក្នុងនោះ មតិយោបល់របស់ប្រជាពលរដ្ឋ ចំនួន ១៨៤គណនី បានលើកឡើងជាធាតុចូល ជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញផ្សេងៗដើម្បីជ្រាប ក៏ដូចជាការកែលំអរក្នុងការងារប្រចាំថ្ងៃក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះដែរ ក្រុមការងារ ក៏បានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី ចំនួន ២៧៤គណនី និង ១២៤គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តនិងសូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក ខិតខំប្រឹងប្រែង និងការសហការគ្នាបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ខ្ញុំក៏សុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួន ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់។
ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានា មកកាន់ទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកមួយដ៏សំខាន់ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង ឱ្យកាន់តែរីកចម្រើនថែមទៀត៕
#dolynews