ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី9 ខែកញ្ញា ឆ្នាំ2024នេះ សម្តេចក្រឡាហោម ស ខេង បានអញ្ជេីញចូលរួមជូនដំណេីរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (WORLD KNOWLEDGE FORUM) លើកទី25 នៅសាធារណរដ្ឋកូរ៉េ។ 

នាព្រឹកថ្ងៃទី9 ខែកញ្ញា ឆ្នាំ2024នេះ សម្តេចក្រឡាហោម ស ខេង បានអញ្ជេីញចូលរួមជូនដំណេីរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (WORLD KNOWLEDGE FORUM) លើកទី25 នៅសាធារណរដ្ឋកូរ៉េ។

តបតាមការអញ្ជើញរបស់ស្ថាបនិកនៃវេទិកាចំណេះដឹងពិភពលោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី25 ក្រោមមូលបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)” ព្រមទាំងអញ្ជើញចូលរួម កម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី9 ដល់ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2024។

អញ្ជើញអមដំណើរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី2 ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី25នេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញ ថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន”វេទិកា នេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកល ប្រកបដោយតុល្យភាព។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងអ៉ីនឆន់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបការងារជាមួយ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ រួមមាន ប្រធានាធិបតី និងប្រធានសភា និងទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់ សាធារណរដ្ឋកូរ៉េ។

ជាកិច្ចបន្ទាប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្ត ឃ្យុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ដែល រៀបចំដោយសាកលវិទ្យាល័យដុងហ្គូកវ៉ាយស៍ និងផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ” ពីប្រទេសដែលហែកហូរដោយ សង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱន។ ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ នឹងអញ្ជើញទស្សនាតំបន់ ទេសចរណ៍ “បូមុន” និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ នៅក្នុងខេត្តឃ្យុងសាងបុកដូ។

 

គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយ សម្តេចគេរជា ប្រធានព្រឹទ្ធសភា នឹងធ្វើមាតុភូមិនិវត្តន៍ នៅវេលាព្រឹកថ្ងៃទី13 ខែកញ្ញា ឆ្នាំ2024។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *