មនុស្សចំនួន៨នាក់ ត្រូវបាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រម៉ាណ២រសៀល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលដំណឹងពីប្រព័ន្ធផ្សព្វផ្សាយ(No Drug លេខ ៣៤០) ថានៅចំណុចជាប់របងផ្សារមង្គល មានការ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យ៉ាងណាមិញភ្លាមៗនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានបង្ក្រាបករណីខាងលើ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ រួមទាំងវត្ថុតាងមួយចំនួន ទី១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើជនសង្ស័យគឺសារធាតុញៀនចំនួន១០គ្រាប់ ទី២.ទូរស័ព្ទដៃចំនួន០៥គ្រឿង។
ចំណែកកម្លាំងក៏បាននាំជនសង្ស័យទាំងអស់មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញវិជ្ជមានទាំងអស់គ្នា ជនសង្ស័យ រួមទាំងវត្ថុតាង ជំនាញកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
#dolynews