មនុស្ស 100 នាក់ជាង សម្រុកចាកចេញពី( តំបន់ក្រហម ) នៅក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ប្រមាណជាង100នាក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន14ថ្ងៃ ជាមួយនឹងការយកសំណាកពីពួកគាត់ទាំងអស់គ្នា ក្រោយព្យាយាម សម្រុកចាកចេញពី( តំបន់ក្រហម ) ក្នុងសង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី8 ខែឧសភាឆ្នាំ 2021នេះ ទៅតាមបទបញ្ជានិងការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ បានអោយដឹងថាដោយមានការបញ្ជាផ្ទាល់ ពីឯកឧត្តម ឃួង ស្រេង បានធ្វើការឃាត់ខ្លួនអ្នករត់តាក់ស៊ីចំនួន55នាក់ រថយន្ត42គ្រឿង និងបានឃាត់ប្រជាពលរដ្ឋចំនួន49នាក់ សរុបទាំងអស់ចំនួន104នាក់ ខណៈដែលពួកគាត់ សម្រុកចេញពីតំបន់ហាមឃាត់(តំបន់ក្រហម) ក្នុងគោលបំណងធ្វើដំណើរទៅតាមបណ្តាខេត្តនានាហើយ ឯកឧត្តមបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំង104នាក់ ត្រូវបានបញ្ជូនទៅធ្វើធ្វើចត្តាឡីស័កចំនួន14ថ្ងៃនៅអនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជម្ងឺកូវីដ-19ផងដែរ។
យ៉ាងណាមិញ ឯកឧត្តម មាន ចាន់យ៉ាដា បានធ្វើការអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋដទៃទៀត
ដែលរស់នៅក្នុង( តំបន់ក្រហម ) សូមកុំធ្វើអ្វីដែលល្មើសដូចបងប្អូនប្រជាពលរដ្ឋទាំង104នាក់ខាងលើនេះ ដូច្នេះសូមកុំព្យាយាមចាកចេញពី( តំបន់ក្រហម ) ដែលជាតំបន់មានហានិភ័យខ្ពស់នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-19 នឹងសូមឱ្យបងប្អូនទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-19នេះទាំងអស់គ្នា ។