នារសៀលថ្ងៃទី 28 ខែឧសភា ឆ្នាំ 2024 នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី3 ជា “មហាវិថី ស៊ី ជីនពីង”
រាជធានីភ្នំពេញ: «មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ4 – ផ្លូវជាតិលេខ1) ដែលមានប្រវែងសរុបជិត 53គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ4 ត្រង់ចំណុចគីឡូម៉ែត្រលេខ 14+105 ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ5 ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ6 ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ6 លេខ5 លេខ4 លេខ3 លេខ2 និងផ្លូវជាតិលេខ21 ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ1 ត្រង់ចំណុចគីឡូម៉ែត្រលេខ 24+840 ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន ។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង ។
ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត 4,000 គីឡូម៉ែត្រនៅកម្ពុជា ។
តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី3» ដែលតភ្ជាប់ពីផ្លូវជាតិលេខ1 ទៅផ្លូវជាតិលេខ4 ជា «មហាវិថី ស៊ី ជីនពីង» ។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី3» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ។
#dolynews