គ្រឿងញៀន៣៥ដុំ រួមទាំងជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានសមត្ថកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ឃាត់ខ្លួន។
តាមប្រភពព័ត៌មានពីនគរបាលអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមន្ត្រីគយ និងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យលើអ្នកដំណើរម្នាក់ ឈ្មោះ HUANG TENG YAO ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិចិនតៃវ៉ាន់ ធ្វើដំណើរតាមជើងយន្តហោះ ភ្នំពេញ-ហូជីមីញ រួចបន្តដំណើរពី ហូជីមីញ-តូក្យូ ។
ករណីនេះ មន្ត្រីគយនិងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអញ្ជើញសមត្ថកិច្ចចម្រុះចូលរួម ដើម្បីត្រួតពិនិត្យជាក់ស្តែង និងបានផ្អាកដំណើរជនសង្ស័យដើម្បីបន្តកសាងកំណត់ហេតុបន្តនីតិវិធីច្បាប់។
ក្រោយការត្រួតពិនិត្យជាក់ស្តែងលើដងខ្លួនរបស់ជនសង្ស័យរូបនេះឃើញមានម្សៅក្រាមពណ៌ ស ច្រកក្នុងថង់រុំបង់ពណ៌ ស ដែលសង្ស័យជាសារធាតុញៀនចំនួន ៣៥ដុំ និងបានធ្វើតេស្តម្សៅក្រាមពណ៌ស ដោយប្រើម៉ាស៊ីនស្កែន TruNarc ជាលទ្ធផលមានតម្រុយជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (METHAMPHETAMINE) ដែលស្ថិតនៅក្នុងតារាង II នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បច្ចុប្បន្នជនជាតិចិនតៃវ៉ាន់ឈ្មោះ HUANG TENG YAO ត្រូវបានសមត្ថកិច្ចកម្ពុជាសម្រេចឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី៕
#dolynews